លោក ដូណាល់ ត្រាំ បញ្ជាក់ពីការបញ្ឈប់ជំនួយដល់បរទេស
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ -- ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបញ្ជាក់កាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា លោកបានផ្អាកជំនួយរបស់ទីក្រុងវ៉ាស៊ីនតោនដល់បរទេសហើយ។
លោកបាននិយាយនៅក្នុងអំឡុងពេលជួបជុំគ្នាមួយនៅទីក្រុងឡាស់វេហ្គាស់ រដ្ឋណេវ៉ាដា ថា «នៅថ្ងៃទីមួយ ខ្ញុំបានបញ្ជាឱ្យសមាជិកគណៈរដ្ឋមន្ត្រីរបស់ខ្ញុំទាំងអស់ប្រើប្រាស់អំណាចទាំងអស់ដើម្បីលុបបំបាត់អតិផរណា និងការដែលធ្វើឱ្យតម្លៃជីវិតរស់នៅប្រចាំថ្ងៃធ្លាក់ចុះ។ យើងចង់ធ្វើឱ្យតម្លៃទំនិញធ្លាក់ចុះ។ ខ្ញុំបានដាក់ការបង្កកការជួលសហព័ន្ធ ការបង្កកបទប្បញ្ញត្តិសហព័ន្ធហើយជំនួយបរទេសត្រូវបានបង្កក»។
ក្នុងចំណោមវិធានការផ្សេងៗទៀតដែលមានគោលបំណងដោះស្រាយអតិផរណា លោក ត្រាំ ក៏បានចុះបញ្ជីការបង្កើតទីភ្នាក់ងារថ្មីរបស់សហរដ្ឋអាមេរិក DOGE (នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល) ដែលមានភារកិច្ចបង្កើនប្រសិទ្ធភាពរបស់រដ្ឋាភិបាលអាម៉េរិក។
នៅពេលមុននេះ សារព័ត៌មាន Politico បានសរសេរថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) បានបញ្ឈប់ការចំណាយទៅលើជំនួយបរទេសដែលមានស្រាប់សម្រាប់រយៈពេល ៩០ថ្ងៃ។ កម្មវិធីផ្តល់មូលនិធិផ្នែកយោធាសម្រាប់អ៊ីស្រាអែល និងអេហ្ស៊ីបនឹងនៅតែបន្ត ប៉ុន្តែជំនួយដល់អ៊ុយក្រែន ហ្ស៊កដានី និងតៃវ៉ាន់ទំនងជានឹងត្រូវផ្អាក។ សេចក្តីសម្រេចណាមួយដើម្បីបន្ត ផ្លាស់ប្តូរ ឬបញ្ឈប់កម្មវិធីផ្តល់មូលនិធិជំនួយបរទេស នឹងត្រូវធ្វើឡើងតាមរយៈការត្រួតពិនិត្យដោយរដ្ឋមន្រ្តីការបរទេស។ ក្រោយមក សារព័ត៌មានរ៉យទ័រស៍ បានរាយការណ៍ថា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) បានដាក់គម្រោងទាក់ទងនឹងការផ្តល់ជំនួយដល់ប្រទេសអ៊ុយក្រែន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





