ការបោះឆ្នោតប្រធានាធិបតីបានចាប់ផ្តើមនៅក្នុងប្រទេសបេឡារុស្ស
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ -- គណៈកម្មាធិការរៀបចំការបោះឆ្នោត (CEC) របស់សាធារណរដ្ឋបេឡារុស្សបានរាយការណ៍ថាការិយាល័យបោះឆ្នោតជាង ៥.៣០០កន្លែងត្រូវបានបើកសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅប្រទេសបេឡារុស្ស។
គណៈកម្មាធិការ CEC បានបញ្ជាក់ថា ប្រជាជនបេឡារុស្សប្រហែល៦,៩លាននាក់មានសិទ្ធិបោះឆ្នោតនៅការិយាល័យបោះឆ្នោតចំនួន៥.៣២៥កន្លែង។ ក្នុងចំណោមនោះ ការិយាល័យបោះឆ្នោតចំនួន ២០៧កន្លែង មានទីតាំងនៅក្នុងមន្ទីរពេទ្យ និងកន្លែងសាធារណៈផ្សេងទៀត ខណៈដែល១២កន្លែងត្រូវបានបង្កើតឡើងនៅក្នុងអង្គភាពយោធា។ ការបោះឆ្នោតត្រូវបានបញ្ចប់នៅវេលាម៉ោង ៨:០០យប់ (ម៉ោងក្នុងស្រុក)។
ការបោះឆ្នោតត្រូវចាត់ទុកថាមានសុពលភាពប្រសិនបើអ្នកមានសិទ្ធិបោះឆ្នោតជាងពាក់កណ្ដាលបានទៅបោះឆ្នោត។ យោងតាមគណៈកម្មាធិការ CEC បានឱ្យដឹងថា អ្នកបោះឆ្នោតចំនួន ៤១,៨១% បានចូលរួមក្នុងការបោះឆ្នោតដំបូងដែលបានធ្វើឡើងនៅថ្ងៃទី២១-២៥ ខែមករាឆ្នាំ២០២៥។
ប្រធានាធិបតីនឹងត្រូវចាត់ទុកថាជាប់ឆ្នោតប្រសិនបើពលរដ្ឋជាងពាក់កណ្តាលចូលរួមក្នុងការបោះឆ្នោតគាំទ្រលោក។ អ្នកសង្កេតការណ៍ក្នុងស្រុកជាង ៤៤.០០០នាក់ និងអន្តរជាតិប្រមាណជិត ៥០០នាក់ បានតាមដានដំណើរការបោះឆ្នោតនោះ។
បេក្ខភាពចំនួន ៥នាក់កំពុងប្រជែងគ្នាដណ្តើមតំណែងប្រមុខរដ្ឋ រួមទាំងប្រធានាធិបតីដែលកំពុងកាន់អំណាច លោក អាឡិចសាន់ដឺរ លូកាស្សិនកូ (Alexander Lukashenko) ដែលបានដឹកនាំប្រទេសបេឡារុស្សចាប់តាំងពីឆ្នាំ១៩៩៤ មក។ គូប្រជែងរបស់លោកដែលជាមេដឹកនាំគណបក្សប្រជាធិបតេយ្យសេរី លោក អូឡេក ហ្គេដឌូកេវីច (Oleg Gaidukevich)សហគ្រិន លោកស្រី អេនណា កាណូផេតស្កាយ៉ា (Anna Kanopatskaya)លេខាទីមួយនៃគណៈកម្មាធិការមជ្ឈឹមនៃគណបក្សកុម្មុយនិស្ត លោក ស៊ែរហ្គេយ ស៊ីរេនកូវ (Sergey Syrankov) និងជាមេដឹកនាំគណបក្សសាធារណរដ្ឋនៃការងារ និងយុត្តិធម៌ លោក អាឡិចសាន់ដឺរ ឃៀហ្ស៍នីយ៉ាក (Alexander Khizhnyak)៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





