ថៃ និងចិន នឹងបង្កើតមជ្ឈមណ្ឌលសម្របសម្រួលដើម្បីប្រយុទ្ធប្រឆាំងនឹងបណ្តាញបោកប្រាស់តាមទូរសព្ទ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ -- ប្រទេសថៃ និងចិន នឹងធ្វើការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងបណ្តាញបោកប្រាស់តាមទូរសព្ទខុសច្បាប់ដែលកំពុងរីករាលដាលយ៉ាងខ្លាំងនៅតាមព្រំដែនប្រទេសថៃជាមួយប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា ដែលជារឿយៗពួកគេជាពលករដែលត្រូវបានជួញដូរដែលមានបំណងបោកប្រាស់ប្រជាជនតាមទូរស័ព្ទ និងបោកប្រាស់តាមអ៊ីនធឺណិត។
តំបន់អាស៊ីអាគ្នេយ៍ ជាពិសេសតំបន់ជាប់ព្រំដែនរវាងប្រទេសថៃមីយ៉ាន់ម៉ា ឡាវ និងកម្ពុជា បានក្លាយជាមជ្ឈមណ្ឌលសម្រាប់ទូរគមនាគមន៍និងការក្លែងបន្លំតាមអ៊ីនធឺណិតផ្សេងៗទៀតចាប់តាំងពីការរាតត្បាតនៃជំងឺកូវីដ-១៩ មក។ នេះបើយោងតាមអង្គការសហប្រជាជាតិដែលបាននិយាយថាមនុស្សរាប់សែននាក់ត្រូវបានជួញដូរទៅធ្វើការនៅក្នុងបណ្តាញបោកប្រាស់។
យោងតាមប៉ូលិសថៃ បានឱ្យដឹងថា មជ្ឈមណ្ឌលសម្របសម្រួលមួយនឹងត្រូវបានបង្កើតឡើងនៅទីស្នាក់ការប៉ូលិសជាតិក្នុងទីក្រុងបាងកក ហើយអាជ្ញាធរចិនគ្រោងនឹងបង្កើតមួយផ្សេងទៀតនៅក្នុងស្រុកមែសុតរបស់ប្រទេសថៃដែលជាប់ព្រំដែនជាមួយខេត្តមីយ៉ាវ៉ាដឌីរបស់ប្រទេសមីយ៉ាន់ម៉ាដែលជាតំបន់មួយដ៏សំខាន់នៃបណ្តាញបោកប្រាស់តាមទូរសព្ទ។
នៅពេលមុននោះ កាលពីថ្ងៃទី២១ ខែមករា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថា មន្ត្រីមកពីប្រទេសចិន មីយ៉ាន់ម៉ា និងថៃ បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំមួយដែលធ្វើឡើងនៅទីក្រុងគុនមីងប្រទេសចិន ដើម្បីលុបបំបាត់ការក្លែងបន្លំទូរគមនាគមន៍ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសមីយ៉ាន់ម៉ា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





