អ្នកស្លាប់ដោយសារការបាក់ដីនៅឥណ្ឌូណេស៊ីកើនដល់ ២៥នាក់
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ -- អ្នកស្លាប់ដោយសារការបាក់ដីនៅលើកោះជ្វារបស់ប្រទេសឥណ្ឌូណេស៊ី បានកើនឡើងដល់ ២៥នាក់ហើយ ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពបីនាក់បន្ថែមទៀតកាលពីថ្ងៃទី២៤ ខែមករា។
ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភ្នំក្បែរទីក្រុងប៉េកាឡុងកាន់ នៅក្នុងខេត្តកោះជ្វាកណ្តាលកាលពីថ្ងៃទី២០ ខែមករា បានបង្កឱ្យមានការរអិលបាក់ដី បាក់ស្ពាន កប់រថយន្ត និងផ្ទះសម្បែង។
អាកាសធាតុអាក្រក់កំពុងរារាំងដល់កិច្ចខិតខំប្រឹងប្រែងស្វែងរក ដោយប្រតិបត្តិការត្រូវបានផ្អាកនៅរសៀលថ្ងៃទី២៤ ខែមករា ដើម្បីធានាសុវត្ថិភាពក្រុមជួយសង្គ្រោះ ខណៈដែលភ្លៀង និងអ័ព្ទបានធ្លាក់នៅតំបន់នោះ។
លោក ប៊ូឌីអូណូ (Budiono) ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះពីទីក្រុងសេម៉ារ៉ាងដែលនៅក្បែរនោះបាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះបានចាប់ផ្តើមឡើងវិញនៅថ្ងៃទី២៥ ខែមករា ដោយផ្តោតសំខាន់ទៅលើការស្វែងរកជុំវិញហាងកាហ្វេមួយកន្លែងដែលជនរងគ្រោះត្រូវបានគេគិតថាត្រូវបានគេកប់នៅទីនោះ ខណៈដែលពួកគេស្វែងរកទីជំរកពីភ្លៀងធ្លាក់។
យោងតាមទីភ្នាក់ងាររុករក និងសង្គ្រោះជាតិ (Basarnas) បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១៣នាក់បានរងរបួសនៅក្នុងការរអិលបាក់ដី។
ប្រទេសឥណ្ឌូណេស៊ីងាយនឹងមានការបាក់ដីនៅក្នុងរដូវវស្សាដែលជាធម្មតានៅចន្លោះខែវិច្ឆិកា និងខែមេសា។ ទោះជាយ៉ាងណាក៏ដោយគ្រោះមហន្តរាយមួយចំនួនដែលបណ្តាលមកពីអាកាសធាតុមិនល្អបានកើតឡើងនៅខាងក្រៅរដូវនេះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ការប្រែប្រួលអាកាសធាតុក៏បានបង្កើនឥទ្ធិពលនៃព្យុះ ដែលនាំឱ្យមានភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ភ្លាមៗ និងខ្យល់បក់ខ្លាំងផងដែរ។
កាលពីខែឧសភា ឆ្នាំមុន មនុស្សយ៉ាងតិច ៦៧នាក់បានស្លាប់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ភ្លាមៗនៅកោះស៊ូម៉ាត្រាខាងលិចដោយរុញច្រានល្បាយនៃផេះ ខ្សាច់ និងគ្រួសពីការផ្ទុះភ្នំភ្លើងម៉ារ៉ាពី(Marapi) ចូលទៅក្នុងតំបន់លំនៅដ្ឋាន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





