ថៃសាកល្បងការដឹកជញ្ជូនបៃតងដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលបរិយាកាសក្នុងទីក្រុងបាងកក
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បានបញ្ជាឱ្យផ្តល់ការដឹកជញ្ជូនសាធារណៈដោយមិនគិតថ្លៃក្នុងទីក្រុងបាងកករយៈពេលមួយសប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី២៥ ខែកុម្ភៈ ដើម្បីដោះស្រាយការបំពុលបរិយាកាសដ៏គួរឱ្យព្រួយបារម្ភនៅក្នុងរាជធានីនេះ។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោក ស៊ូរីយ៉ា ជុងរុងរៀងគីត (Suriya Jungrungreangkit) បាននិយាយថា សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងបន្ទាប់ពីទីក្រុងបាងកកជាប់ចំណាត់ថ្នាក់ជាទីក្រុងអាក្រក់បំផុតទី៤ នៅលើពិភពលោកសម្រាប់គុណភាពខ្យល់កាលពីថ្ងៃទី២៤ ខែមករា ដោយយោងតាមទិន្នន័យចុងក្រោយពីក្រុមហ៊ុន IQAir ដែលមានមូលដ្ឋាននៅប្រទេសស្វីស។
លោក ស៊ូរីយ៉ា បាននិយាយថា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមករាប្រជាជននឹងត្រូវបានផ្តល់សេវាដោយឥតគិតថ្លៃសម្រាប់រថយន្តក្រុង និងរថភ្លើងអគ្គិសនីនៅក្នុងរាជធានី។
រដ្ឋាភិបាលថៃនឹងបម្រុងថវិកាប្រហែល ១៤០លានបាត (៤,១លានដុល្លារអាម៉េរិក) ពីថវិកាកណ្តាលដើម្បីទូទាត់ថ្លៃចំណាយទៅលើក្រុមហ៊ុនដឹកជញ្ជូន ដែលរួមមានក្រុមហ៊ុន Bangkok Transit System Plc (BTS) ក្រុមហ៊ុន Bangkok Expressway and Metro Public Company (BEM) និងអាជ្ញាធរដឹកជញ្ជូនសាធារណៈបាងកក ( BMTA)។
លើសពីនេះទៀត រដ្ឋាភិបាលថៃក៏បានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យចំនួន៨ដើម្បីតាមដានការបំភាយឧស្ម័នរថយន្តផងដែរ។ លោក ស៊ូរីយ៉ា បានរំពឹងថាចំនួនអ្នកដំណើរដែលប្រើប្រាស់ការដឹកជញ្ជូនសាធារណៈនឹងកើនឡើងពី២០ ទៅ ៣០% ក្នុងអំឡុងពេលនេះ។ លោកបាននិយាយបន្ថែមថា ប្រសិនបើស្ថានភាពការបំពុលមិនមានភាពប្រសើរឡើងបន្ទាប់ពីរយៈពេលប្រាំពីរថ្ងៃទេនោះ រដ្ឋាភិបាលនឹងពិចារណាបន្តគំនិតផ្តួចផ្តើមនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





