ឥណ្ឌូណេស៊ីពិចារណាក្នុងការទិញប្រេងពីរុស្ស៊ី
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ -- ប្រទេសឥណ្ឌូណេស៊ីកំពុងពិចារណាក្នុងការទិញប្រេងពីរុស្ស៊ីដែលរងទណ្ឌកម្មយ៉ាងខ្លាំងពីអឺរ៉ុបចាប់តាំងពីជម្លោះរុស្ស៊ី និងអ៊ុយក្រែនផ្ទុះឡើងនៅក្នុងឆ្នាំ២០២២។
រដ្ឋមន្ត្រីក្រសួងថាមពលឥណ្ឌូណេស៊ី លោក បាហ៊ីល ឡាហាដាលីយ៉ា (Bahlil Lahadalia) បាននិយាយកាលពីពេលថ្មីៗនេះថា ការចូលរួមរបស់ប្រទេសឥណ្ឌូណេស៊ីទៅក្នុងក្រុមប្រទេសប្រ៊ីកស៍ (BRICS) បានបើកលទ្ធភាពសម្រាប់ទីក្រុងហ្សាកាតាក្នុងការនាំចូលប្រេងនេះ ដែលតម្លៃរបស់វាត្រូវបានជំរុញឱ្យទាបជាងតម្លៃស្តង់ដារពិភពលោកដោយសារការដាក់ទណ្ឌកម្ម។
ទោះជាយ៉ាងណាក៏ដោយ ការចាប់អារម្មណ៍របស់ឥណ្ឌូណេស៊ីទៅលើប្រេងរុស្ស៊ី បានបង្កឱ្យមានការព្រួយបារម្ភថា កិច្ចព្រមព្រៀងប្រេងអាចប៉ះពាល់ដល់ទំនាក់ទំនងរបស់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះជាមួយសម្ព័ន្ធមិត្តលោកខាងលិច។ ទោះជាយ៉ាងនេះក្តី អ្នកការទូតសហភាពអឺរ៉ុបម្នាក់បានបង្ហើបថា ប្លុកអឺរ៉ុបមិនខ្វល់ពីកន្លែងដែលឥណ្ឌូណេស៊ីទិញប្រេងរបស់ខ្លួនឡើយ បើទោះបីជាវាមកពីប្រទេសរុស្ស៊ីក៏ដោយ។
ទន្ទឹមនឹងនេះដែរ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសឥណ្ឌូណេស៊ី លោកស៊ែរហ្គេយ តូលឆេណូវ (Sergei Tolchenov) បាននិយាយថា ប្រទេសរបស់លោកបើកចំហចំពោះកិច្ចចរចាក្នុងការទិញប្រេង។
លោកបានកត់សម្គាល់ថា ប្រទេសរុស្ស៊ីបានចូលរួមក្នុងកិច្ចពិភាក្សាមួយចំនួនជាមួយឥណ្ឌូណេស៊ីដើម្បីប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក រូពៀ និងរូប្លែ សម្រាប់ពាណិជ្ជកម្មទ្វេភាគីរបស់ពួកគេ ខណៈដែលទីក្រុងម៉ូស្គូនៅតែស្ថិតនៅដាច់ពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។
ប្រទេសឥណ្ឌូណេស៊ីអាចផលិតបានត្រឹមតែ ៧០០.០០០ និង៨០០.០០០បារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះ ដែលជាតម្រូវការពាក់កណ្តាលនៃតម្រូវការជាតិ។ ប្រទេសនេះតែងតែនាំចូលប្រេងពីសមាជិកអង្គការប្រទេសនាំចេញប្រេង (OPEC)។ ទីភ្នាក់ងារស្ថិតិកណ្តាល (BPS) បានបង្ហាញថាការនាំចូលប្រេង និងឧស្ម័នរបស់ប្រទេសឥណ្ឌូណេស៊ីមានចំនួនសរុបប្រហែល ៣៦,៣ពាន់លានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០២៤៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





