រដ្ឋបាលខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាព
AKP កំពង់ឆ្នាំង ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥-- លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីសំណាក់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីផងដែរ និងអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ផងដែរ។

ក្នុងឱកាសនោះ លោក អម សុភា បានមានប្រសាសន៍ថា ដើម្បីឆ្លុះបញ្ចាំងអំពីសកម្មភាពការងារ ពិសេសការងារសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបានលើកយកកំណត់ហេតុច្បាស់លាស់ឱ្យដឹងថាខែមុនមានបញ្ហាអ្វីខ្លះដែលមិនទាន់បានដោះស្រាយជូនប្រជាពលរដ្ឋ និងការងារបន្ទាប់ គឺមានសារៈសំខាន់ដែលយើងទាំងអស់គ្នាត្រូវចូលរួមដោះស្រាយបន្ទាន់ ដែលក្នុងនោះគឺបញ្ហាគ្រឿងញៀន ក្មេងទំនើង គ្រោះថ្នាក់ចរាចរណ៍ ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការជំរុញផ្ដល់បណ្ណកម្មសិទ្ធិបង្កាន់ដៃផ្សេងៗជូនប្រជាពលរដ្ឋ ឱ្យមានតម្លាភាព និងប្រសិទ្ធភាព។


ទន្ទឹមនឹងនេះ លោកបានបន្តថា គ្រប់សាលារៀនក្នុងខេត្តទាំងអស់ ផ្ដល់ការអប់រំណែនាំបន្ថែមអំពីបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ឱ្យបានច្រើនជាមួយកម្មវិធីសិក្សាតាមសាលារៀនថ្នាក់ខេត្តរហូតដល់ថ្នាក់ស្រុក។ បង្ក្រាបល្បែងស៊ីសងដែលច្បាប់ហាមឃាត់ មេប៉ុស្តិ៍មេឃុំត្រូវទទួលខុសត្រូវជាមួយស្រុក-ក្រុង។ ហើយក្រុង-ស្រុកត្រូវទទួលខុសត្រូវជាមួយខេត្ត និងស្នងការខេត្ត។ ចំណែកខេត្តត្រូវទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល។ ការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ត្រូវតែដឹកនាំបង្ក្រាបឱ្យអស់។ ត្រូវយកចិត្តទុកដាក់បន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព អភិបាលក្រុងស្រុកត្រូវពង្រឹងប៉ុស្តិ៍រដ្ឋបាល មេឃុំ ចៅសង្កាត់ ប្រជាការពារ និងមេភូមិត្រូវមានប៉ុស្តិ៍ប្រចាំការ២៤ម៉ោងនៅតាមគោលដៅ ដោយរៀបចំទំនាក់ទំនងគ្នាតាមវិទ្យុទាក់ទងគ្រប់មូលដ្ឋាន ដើម្បីក្តាប់សភាពការណ៍ និងសហការគ្នាបង្ក្រាបបទល្មើសឱ្យបានទាន់ពេលវេលា។


ជាមួយគ្នានេះដែរ លោកអភិបាលរងខេត្តបានគូសបញ្ជាក់ទៀតថា ត្រូវបន្ដការថែរក្សាបរិស្ថាន និងសម្បត្តិធម្មជាតិឱ្យបានល្អ ដែលជាសក្ដានុពលទេសចរណ៍នៅក្នុងខេត្តរបស់យើង និងរៀបចំរមណីយដ្ឋានធម្មជាតិ មានបរិស្ថានស្អាតជានិច្ច និងសូមកុំឱ្យមានការកាប់បំផ្លាញព្រៃឈើ សម្បត្តិធម្មជាតិ ការឆក់ត្រី នេសាទខុសច្បាប់ បរបាញ់សត្វព្រៃខុសច្បាប់ ត្រូវរៀបចំផែនការត្រៀមដោះស្រាយគ្រោះមហន្តរាយដោយកំណត់ឱ្យថ្នាក់ឃុំ-សង្កាត់ ជាពិសេសគណៈបញ្ជាការក្រុងស្រុក ទទួល និងផ្ដល់ព័ត៌មានឱ្យបានឆាប់ និងសង្គ្រោះបន្ទាន់នូវករណីចាំបាច់៕
ដោយ បៃ ស៊ីថុន





