កិច្ចប្រជុំផ្សព្វផ្សាយផែនការចុះត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសក្នុងខេត្តកណ្តាល
AKP កណ្ដាល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥-- ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានទទួលដឹកនាំក្រុមប្រតិបត្តិទី១ និងលោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីកិច្ចប្រជុំស្តីពីពិធី “ប្រកាសក្រុមការងារ និងផ្សព្វផ្សាយផែនការលេខ០០៣ ផ.ក របស់ក្រសួងមហាផ្ទៃស្តីពីការចុះត្រួតពិនិត្យវត្តមានជនបរទេសដែលកំពុងស្នាក់នៅក្នុងខេត្តកណ្តាល។

ក្នុងឱកាសនោះ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានផ្តាំផ្ញើនូវការងារសំខាន់ៗមួយចំនួនដល់អាជ្ញាធរមានសមត្ថកិច្ចសម្រាប់យកទៅអនុវត្តឱ្យទទួលបាននូវលទ្ធផលល្អបន្ថែមទៀតដូចជា៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុកទាំង១៣ ជាពិសេសក្រុង ស្រុក ដែលជាប់នឹងព្រំដែនវៀតណាម ត្រូវរឹតបន្តឹងលើជនបរទេសដែលលួចជ្រៀតចូលខុសច្បាប់ ជនបរទេសស្នាក់នៅហួសសុពលភាពនៃទិដ្ឋាការស្នាក់នៅបណ្តោះអាសន្ន ជនបរទេសដែលជាមុខសញ្ញាស្វែងរកចាប់ខ្លួន ឬស្ថិតក្នុងបញ្ជីមុខសញ្ញាអន្តោប្រវេសន៍ ប្រកប មុខរបរ និងធ្វើការងារក្នុងព្រះរាជាណាចក្រកម្ពុជា ដោយខុសច្បាប់ ស្តីពីការងារ ត្រូវមានវិធានការម៉ឺងម៉ាត់តាមច្បាប់។ ត្រូវចុះធ្វើស្ថិតិលើផ្ទះជួល ផ្ទះសំណាក់ ខុនដូរ អាផាតមិន សណ្ឋាគារ សហគ្រាស សិប្បកម្ម អាជីវកម្ម ដើម្បីងាយស្រួលគ្រប់គ្រងមុខសញ្ញា ជនបរទេសដែលធ្វើការ ឬប្រកបអាជីវកម្ម ខុសច្បាប់ក្នុងមូលដ្ឋានខេត្តកណ្តាល។ ក្នុងនោះត្រូវចាត់វិធានការស៊ើបអង្កេតស្រាវជ្រាវជនបរទេសដែលប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងការ ជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម អាជីវកម្មផ្លូវភេទ និងបទល្មើសសម្អាតប្រាក់ ព្រមទាំងបទល្មើស ផ្សេងៗទៀត ដែលបានប្រព្រឹត្តនៅក្នុងទីតាំងមានជនបរទេសស្នាក់នៅ ដើម្បីសហការចាត់វិធានការបង្ក្រាបបទល្មើសទាំងនោះតាមច្បាប់ជាធរមាន។
ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ ត្រូវធ្វើសៀវភៅស្នាក់នៅ (ក២) និងចេញលិខិតផ្លាស់ទីលំនៅដល់ជនបរទេសអន្តោប្រវេសន្ត ដែលស្ថិតនៅក្នុងមូលដ្ឋានឱ្យស្របតាមសេចក្តីណែនាំលេខ ០១៥ សណន ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ ស្តីពីការចេញលិខិតរដ្ឋបាល និងលិខិតអត្រានុកូលដ្ឋាន ឱ្យសហព័ទ្ធជាខ្មែរ កូន និងជនបរទេសអន្តោប្រវេសន្ត។


មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បានណែនាំ និងស្នើសុំឱ្យភាគីពាក់ព័ន្ធទាំងអស់ជួយសម្របសម្រួល និងសហការអនុវត្តការងារអធិការកិច្ចជនបរទេសការធ្វើបច្ចុប្បន្នភាពជនបរទេសអន្តោប្រវេសន្តប្រកបដោយប្រសិទ្ធភាព និងបានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តកណ្តាល ដែលបានរៀបចំកិច្ចប្រជុំស្តីពីពិធី “ប្រកាសក្រុមការងារ និងផ្សព្វផ្សាយផែនការលេខ០០៣ ផ.ក របស់ក្រសួងមហាផ្ទៃ ស្តីពីការចុះត្រួតពិនិត្យវត្តមានជនបរទេស ដែលកំពុងស្នាក់នៅក្នុង ខេត្តកណ្តាលនាពេលនេះ។ ឯកឧត្តមបានជំរុញដល់មន្ត្រីជំនាញទាំងអស់ ត្រូវផ្សព្វផ្សាយដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងម្ចាស់ផ្ទះជួល អំពីការប្រើប្រាស់នូវប្រព័ន្ធ Foreigners Presence in Cambodia System (FPCS) ឱ្យបានត្រឹមត្រូវ ពិសេសចៀសវាងការចុះប្រព័ន្ធស្ទួន។ បន្ថែមពីលើនេះ សូមមន្ត្រីជំនាញ ត្រូវរៀបចំផែនការចុះស្រង់ស្ថិតិជនបរទេសអន្តោប្រវេសន្តឱ្យបានគ្រប់កន្លែង ដែលជនបរទេសអន្តោប្រវេសន្តរស់នៅ និងអធិការក្រុង-ស្រុក ក៏ត្រូវរៀបចំ និងជំរុញការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តឱ្យកាន់តែល្អប្រសើរថែមទៀត៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





