រដ្ឋមន្ដ្រីការបរទេសហុងគ្រី៖ ខ្លួនត្រៀមផ្គត់ផ្គង់ឧស្ម័នដល់ស្លូវ៉ាគី
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក ផេទឺ ហ្សីចចារតូ (Peter Szijjarto) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសហុងគ្រីបានត្រៀមខ្លួនដើម្បីផ្តល់នូវសមត្ថភាពដឹកជញ្ជូនពេញលេញដើម្បីផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសស្លូវ៉ាគី តាម រយៈបំពង់បង្ហូរប្រេង TurkStream នៅភាគខាងត្បូង។
លោក ហ្សីចចារតូ បាននិយាយក្នុងអំឡុងសន្និសីទកាសែតនៅទីក្រុងប៊ូដាប៉េសថា នេះជាសិទ្ធិអធិបតេយ្យភាពរបស់ប្រទេសហុងគ្រីក្នុងការសម្រេចចិត្តអំពីប្រភពថាមពល និងផ្លូវហោះហើររបស់ខ្លួនដោយបដិសេធរាល់សម្ពាធពីខាងក្រៅ។
លោកបានរិះគន់ពីការផ្អាកការដឹកជញ្ជូនឧស្ម័ននាពេលថ្មីៗនេះតាមរយៈអ៊ុយក្រែន ដោយបាននិយាយពីការផ្អាកនេះថា «មិនអាចទទួលយកបាន» និងមានការគំរាមកំហែងដល់សន្តិសុខថាមពលក្នុងតំបន់។ ប្រទេសអ៊ុយក្រែនបានបញ្ឈប់ការបញ្ជូនឧស្ម័នធម្មជាតិរបស់ប្រទេសរុស្ស៊ីទៅកាន់សហភាពអឺរ៉ុបនៅថ្ងៃទី១ ខែមករា បន្ទាប់ពីការផុតកំណត់នៃកិច្ចព្រមព្រៀងដឹកជញ្ជូនរយៈពេល ៥ឆ្នាំ។
លោកបានបន្ថែមថា ប្រទេសហុងគ្រីបានបង្កើនសមត្ថភាពប្រចាំឆ្នាំនៃការតភ្ជាប់អន្តរទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសស្លូវ៉ាគីចំនួន ៩០០លានម៉ែត្រគូបដើម្បីពង្រឹងសន្តិសុខថាមពលរបស់ប្រទេសជិតខាង។
លោកក៏បានកត់សម្គាល់ផងដែរថា ប្រទេសហុងគ្រីបាននាំចូលឧស្ម័នចំនួន ៧,៦ប៊ីលានម៉ែត្រគូបតាមរយៈបំពង់ TurkStream កាលពីឆ្នាំមុន ដោយបន្សល់ទុកនូវសមត្ថភាពបន្ថែមចំនួន ៩០០លានម៉ែត្រគូបដោយឥតគិតថ្លៃសម្រាប់ការឆ្លងកាត់តាមបំពង់នេះបន្ថែមទៀត៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





