រុស្ស៊ីត្រៀមខ្លួនសម្រាប់ការចរចាដោយស្មើភាពជាមួយសហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ -- អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីបើកទូលាយក្នុងការចរចាដោយស្មើភាពជាមួយសហរដ្ឋអាមេរិក ហើយកំពុងរង់ចាំសញ្ញាពីទីក្រុងវ៉ាស៊ីនតោន។
នៅក្នុងការបង្ហោះនៅលើគេហទំព័រ Truth Social កាលពីថ្ងៃពុធ បានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា លោកមិនចង់ធ្វើឱ្យប៉ះពាល់ដល់ប្រទេសរុស្ស៊ីទេ ហើយបានអំពាវនាវឱ្យបញ្ចប់វិបត្តិអ៊ុយក្រែនជាបន្ទាន់។
លោក ត្រាំ បាននិយាយថា លោកនឹងដាក់ទណ្ឌកម្មថ្មី និងពន្ធលើទំនិញរុស្ស៊ីទាំងអស់ ប្រសិនបើលោកមិនអាចឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសរុស្ស៊ី។ នៅពេលសួរអំពីការអត្ថាធិប្បាយរបស់លោក ត្រាំ លោក ប៉េសកូវ បាននិយាយថា «យើងកំពុងតាមដានយ៉ាងដិតដល់នូវវោហាសាស្ត្រ និងសេចក្តីថ្លែងការណ៍ទាំងអស់»។
លោកបាននិយាយថា «យើងនៅតែត្រៀមខ្លួនសម្រាប់ការសន្ទនា ដូចដែលប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយម្តងហើយម្តងទៀត» លោកបានបន្ថែមថា ទីក្រុងម៉ូស្គូកំពុងទន្ទឹងរង់ចាំកិច្ចសន្ទនាដែលមានសក្តានុពលដើម្បីឱ្យមានភាពស្មើគ្នា និងគោរពគ្នាទៅវិញទៅមក៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





