ចំនួនអ្នកស្លាប់ក្នុងរដូវវស្សាកើនឡើងដល់ ៣១នាក់នៅប្រទេសម៉ាឡាវី
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ -- អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣១នាក់បានស្លាប់ និង៣១.៤១៣គ្រួសារបានរងផលប៉ះពាល់ ចាប់តាំងពីការចាប់ផ្តើមនៃរដូវវស្សារបស់ប្រទេសម៉ាឡាវីនៅដើមខែវិច្ឆិកា។
នាយកដ្ឋានកិច្ចការគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេស (DoDMA) បាននិយាយនៅក្នុងការសន្និដ្ឋានចុងក្រោយរបស់ខ្លួនថា មនុស្សចំនួន ២២នាក់ត្រូវបានសម្លាប់ដោយសាររន្ទះបាញ់ ខណៈដែល ៩នាក់បណ្ដាលមកពីការដួលរលំរចនាសម្ព័ន្ធដោយសារតែព្យុះ។
យោងតាមនាយកដ្ឋាន DoDMA បានឱ្យដឹងថា តួលេខនេះតំណាងឱ្យការកើនឡើងយ៉ាងខ្លាំងពីការស្លាប់ចំនួន ១១នាក់ និងគ្រួសារដែលរងផលប៉ះពាល់ចំនួន ១០.៨៣៣គ្រួសារនៅក្នុងការធ្វើបច្ចុប្បន្នភាពមុននៅថ្ងៃទី៣ ខែធ្នូ។ ចំនួនអ្នករបួសសរុបក៏បានកើនឡើងពី ៧៩នាក់ទៅ ៣៨២នាក់ផងដែរ។
តួលេខនេះមិនរាប់បញ្ចូលចំនួនអ្នកស្លាប់ និងរបួសដែលបង្កឡើងដោយព្យុះស៊ីក្លូនត្រូពិចជីដូ (Chido) នៅពាក់កណ្តាលខែធ្នូ ដែលបានបណ្តាលឲ្យមនុស្សចំនួន ១៣នាក់ស្លាប់ និង២៩នាក់រងរបួស។ នាយកដ្ឋាន DoDMA សហការជាមួយដៃគូមនុស្សធម៌ផ្សេងៗកំពុងផ្តល់ជំនួយសង្គ្រោះដល់សហគមន៍ដែលរងផលប៉ះពាល់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





