ប៉ូលិសម៉ារ៉ុករឹបអូសបានកញ្ឆាជិត ១០តោននៅតំបន់ភាគខាងត្បូង
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ -- ទីភ្នាក់ងារសារព័ត៌មាន MAP បានរាយការណ៍ថា ប៉ូលិសម៉ារ៉ុកបានរឹបអូសកញ្ឆាជិត ១០តោននៅក្នុងតំបន់ Marrakech-Safi ភាគខាងលិច។
សេវាស៊ើបការណ៍ក្នុងស្រុករបស់ប្រទេសម៉ារ៉ុក បានឱ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងនៅក្នុងឃុំ Kouzemt-Imintanoute ដែលមានទីតាំងនៅផ្នែកកណ្តាលនៃតំបន់ Marrakech-Safi បន្ទាប់ពីការស៊ើបការណ៍សម្ងាត់ដែលផ្តល់ដោយអគ្គនាយកដ្ឋានឃ្លាំមើលដែនដី (DGST) ។
យោងតាមទីភ្នាក់ងារ MAP បានឱ្យដឹងថា ជនសង្ស័យចំនួន ៦នាក់ដែលមានអាយុចន្លោះពី ២៩ឆ្នាំដល់ ៥៩ឆ្នាំត្រូវបានចាប់ខ្លួនពីបទជាប់ពាក់ព័ន្ធទៅនឹងបណ្តាញឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនអន្តរជាតិ។ ការស៊ើបអង្កេតរបស់តុលាការត្រូវបានដាក់ឱ្យដំណើរការដើម្បីកំណត់អត្តសញ្ញាណអ្នកសមគំនិតដែលអាចកើតមាន និងស្វែងរកវិសាលភាពពេញលេញនៃបណ្តាញជនទាំងនោះ។
ប្រទេសម៉ារ៉ុកបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធគ្រឿងញៀន ជាពិសេសសារធាតុកញ្ឆាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយធ្វើការជាមួយដៃគូសហភាពអឺរ៉ុប និងអន្តរជាតិ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





