មេដឹកនាំគណបក្សប្រជាធិបតេយ្យសង្កត់ធ្ងន់លើសម្ព័ន្ធភាពទីក្រុងសេអ៊ូល-វ៉ាស៊ីនតោន ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតស្តីទីសហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ -- មេដឹកនាំគណបក្សប្រជាធិបតេយ្យប្រឆាំងដ៏សំខាន់ (DP) កាលពីថ្ងៃពុធបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវសម្ព័ន្ធភាពរវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន នៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានចាប់ផ្តើមអាណត្តិទី២ របស់លោក។
មេដឹកនាំគណបក្ស DP លោក លី ចេយុង (Lee Jae-myung) បានធ្វើការកត់សម្គាល់នេះ អំឡុងពេលជួបជាមួយឯកអគ្គរដ្ឋទូតស្តីទីសហរដ្ឋអាមេរិកប្រចាំប្រទេសកូរ៉េខាងត្បូង លោក ចូសេប យុន (Joseph Yun) នៅរដ្ឋសភា។
លោក លី បាននិយាយថា «យើងត្រូវតែពង្រឹងសម្ព័ន្ធភាពកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក និងរក្សាយ៉ាងរឹងមាំនូវទំនួលខុសត្រូវរួមរបស់យើងដែលជាផ្នែកមួយនៃប្រជាធិបតេយ្យសេរី»។
លោក លី បានសម្តែងការដឹងគុណចំពោះទីក្រុងវ៉ាស៊ីនតោនសម្រាប់ការគាំទ្ររបស់ខ្លួនក្នុងការការពារលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកូរ៉េខាងត្បូង ក្នុងអំឡុងពេលនៃអស្ថិរភាពនយោបាយបន្ទាប់ពីការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់ប្រធានាធិបតី លោក យូន ស៊ុកយុល (Yoon Suk-yeol) កាលពីថ្ងៃទី៣ ខែធ្នូ។
នៅពេលដែលរដ្ឋបាលលោក ត្រាំ រៀបចំដើម្បីអនុវត្តន៍គំនិតផ្តួចផ្តើមគោលនយោបាយការបរទេសថ្មី លោក លី បានសម្តែងក្តីសង្ឃឹមសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនដើម្បីលើកកម្ពស់សន្តិភាពពិភពលោក ធានាស្ថិរភាពនៅតំបន់អាស៊ី និងធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ។
ជាការឆ្លើយតប លោក យុន បាននិយាយថា លោកទន្ទឹងរង់ចាំធ្វើការដើម្បីជំរុញសម្ព័ន្ធភាពទ្វេភាគី និងបង្ហាញភាពសុទិដ្ឋិនិយមថា ប្រទេសកូរ៉េខាងត្បូងនឹងយកឈ្នះលើបញ្ហាប្រឈមផ្នែកនយោបាយរបស់ខ្លួន ហើយនឹងមានភាពរឹងមាំនៅក្នុងដំណើរការនេះ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





