យោធាកុងហ្គោអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ ចំពេលមានការវិវត្តនៃការបះបោរ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ -- កងទ័ពនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) បានអំពាវនាវឱ្យពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ចំពោះការជឿនលឿនថ្មីៗដោយក្រុមឧទ្ទាម ២៣មីនា (M23) នៅក្នុងខេត្តគីវូភាគខាងជើង។
លោក ស៊ីលវ៉ាន អេកេនហ្គេ (Sylvain Ekenge) អ្នកនាំពាក្យកងទ័ពបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាម M23 នៅតែបន្តលើគ្រប់វិស័យទាំងអស់ រួមទាំងតំបន់ Lubero តំបន់Sake និងតំបន់ Nyiragongo នៅក្នុងខេត្តគីវូភាគខាងជើង។
សេចក្តីថ្លែងការណ៍បាននិយាយថា «វិធានការទាំងអស់កំពុងត្រូវបានអនុវត្តដើម្បីរារាំងអ្នកឈ្លានពាន និងស្ដារសន្តិភាពនៅតំបន់ភាគខាងកើតនៃប្រទេសរបស់យើង»។ ស្ថានភាពនៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកាន់តែយ៉ាប់យ៉ឺនខ្លាំងដែលត្រូវបានសម្គាល់ដោយការកើនឡើងនៃជម្លោះដែលពាក់ព័ន្ធនឹងក្រុមប្រដាប់អាវុធផ្សេងៗជាពិសេសក្រុម M23 និងកងកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធមិត្ត។
យោងតាមអង្គការសហប្រជាជាតិបានឱ្យដឹងថា ជម្លោះដែលកំពុងបន្តធ្វើឲ្យស្ថានការណ៍មនុស្សធម៌ក្នុងតំបន់កាន់តែអាក្រក់ឡើង ដោយបានជម្លៀសមនុស្សជាង ៧លាននាក់ចេញពីតំបន់។ មនុស្សប្រហែល២៣៧.០០០នាក់ត្រូវបានបង្ខំឱ្យបោះបង់ចោលផ្ទះសម្បែងរបស់ពួកគេចាប់តាំងពីដើមឆ្នាំ២០២៥៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





