អាល់ហ្សេរីទទួលចំណាប់ខ្មាំងជនជាតិអេស្ប៉ាញ ដែលត្រូវបានចាប់ពង្រត់នៅជិតព្រំដែនប្រទេសម៉ាលី
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ -- ក្រសួងការពារជាតិអាល់ហ្សេរីបានប្រកាសអំពីការទទួលចំណាប់ខ្មាំងជនជាតិអេស្ប៉ាញម្នាក់ដែលត្រូវបានចាប់ពង្រត់នៅភាគខាងត្បូងនៃប្រទេសជិតព្រំដែនជាមួយប្រទេសម៉ាលី។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេវាសន្តិសុខរបស់កងទ័ពបានទទួលជនជាតិអេស្ប៉ាញ លោក ហ្គីលបឺត ណាវ៉ារ៉ូ (Gilbert Navarro) ហើយបានបញ្ជាក់ថា លោកមានសុវត្ថិភាព និងសុខភាពល្អ។
សេចក្តីថ្លែងការណ៍បាននិយាយថា លោក ណាវ៉ារ៉ូ ដែលកំពុងធ្វើដំណើរទេសចរណ៍ត្រូវបានចាប់ពង្រត់កាលពីថ្ងៃទី១៤ ខែមករា នៅតំបន់ព្រំដែនអាល់ហ្សេរី-ម៉ាលី ក្នុងតំបន់យោធាទី៦ របស់អាល់ហ្សេរី ដោយក្រុមប្រដាប់អាវុធដែលមានគ្នា ៥នាក់ ។
ការដោះលែង លោក ណាវ៉ារ៉ូ ត្រូវបានប្រកាសដោយរណសិរ្សរំដោះAzawad ដែលជាសម្ព័ន្ធនៃក្រុមបំបែកខ្លួន Tuareg នៅភាគខាងជើងប្រទេសម៉ាលី។
យោងតាមក្រសួងបានឱ្យដឹងថា បន្ទាប់ពីការដោះលែង លោក ណាវ៉ារ៉ូត្រូវបានហោះហើរពីអាកាសយានដ្ឋាន Tin Zouatin នៅភាគខាងត្បូងប្រទេសអាល់ហ្សេរី តាមយន្តហោះឯកជនមួយទៅកាន់មូលដ្ឋានទ័ពអាកាសBoufarik មានចម្ងាយ ៤០គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុងអាល់ជឺ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





