ឯកអគ្គរដ្ឋទូតចិនធ្វើទស្សនកិច្ចនៅសាលាតន្ត្រីជាតិរបស់អ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ -- យោងតាមសេវាសារព័ត៌មានរបស់ស្ថានទូត បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអ៊ុយក្រែន លោក ម៉ា សេងគុន (Ma Shengkun) បានទៅទស្សនកិច្ចនៅបណ្ឌិតសភាតន្ត្រីជាតិTchaikovsky (UNTAM) របស់ប្រទេសអ៊ុយក្រែន ជាកន្លែងដែលលោកបានជួបពិភាក្សាជាមួយប្រធានបណ្ឌិតសភា លោក ម៉ាកស៊ីម ទីម៉ូសេនកូ (Maksym Tymoshenko) ។
ក្នុងជំនួបនោះ លោក ម៉ា បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចិនក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការអប់រំប្រកបដោយគុណភាពខ្ពស់ និងការលើកកម្ពស់ភាពជាដៃគូដោយផ្អែកលើការបើកចំហ និងការរៀនសូត្រគ្នាទៅវិញទៅមក។
លោកបានគូសបញ្ជាក់ពីការគាំទ្ររបស់ប្រទេសចិនសម្រាប់សាកលវិទ្យាល័យរបស់ខ្លួនក្នុងការអភិវឌ្ឍភាពជាដៃគូផ្នែកអប់រំជាមួយស្ថាប័ននានាទូទាំងពិភពលោក រួមទាំងនៅអ៊ុយក្រែនផងដែរ។
លោក ម៉ា បានទទួលស្គាល់បទពិសោធន៍យ៉ាងទូលំទូលាយរបស់បណ្ឌិតសភា UNTAM ក្នុងកិច្ចសហប្រតិបត្តិការអន្តរសាកលវិទ្យាល័យជាមួយប្រទេសចិន ហើយបានសម្តែងក្តីសង្ឃឹមថា បណ្ឌិត្យសភានឹងបន្តពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយស្ថាប័នចិន និងដើរតួនាទីយ៉ាងសកម្មក្នុងការធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរផ្នែកអប់រំ និងមនុស្សធម៌រវាងប្រទេសទាំងពីរ។
ចំណែកឯលោក ទីម៉ូសេនកូ បាននិយាយថា បណ្ឌិតសភា UNTAM យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការបង្កើនកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយប្រទេសចិន ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រីកទំនាក់ទំនងបន្ថែមទៀត។
លោក ទីម៉ូសេនកូ បានបង្ហាញពីការត្រៀមខ្លួនរបស់សាលាដើម្បីបន្តរួមចំណែកដល់ការផ្លាស់ប្តូរការអប់រំ និងវប្បធម៌រវាងប្រទេសចិន និងអ៊ុយក្រែន។ កាលពីដើមខែនេះ លោក ម៉ា ក៏បានទៅទស្សនាសាកលវិទ្យាល័យជាតិ Taras Shevchenko និងសាកលវិទ្យាល័យភាសាជាតិ Kiev ផងដែរ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





