មនុស្សជិត ៧០នាក់បានស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះសណ្ឋាគារនៅតួកគី
AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីមហាផ្ទៃតួកគី លោក អាលី យឺលីកាយ៉ា (Ali Yerlikaya) បាននិយាយថា មនុស្សចំនួន ៦៦នាក់បានស្លាប់នៅក្នុងអគ្គីភ័យដែលបានឆាបឆេះនៅសណ្ឋាគារ Grand Kartal ក្នុងរមណីយដ្ឋានជិះស្គី Kartalkaya ក្នុងខេត្តបូលូ ប្រទេសតួកគី។
លោករដ្ឋមន្ត្រីបានប្រាប់អ្នកយកព័ត៌មាននៅកន្លែងកើតហេតុថា «គួរឱ្យសោកស្ដាយ មនុស្សចំនួន ៦៦នាក់បានស្លាប់ និង៥១នាក់បានរងរបួសនៅក្នុងអគ្គីភ័យ។ សរុបមក ភ្ញៀវទេសចរចំនួន ២៣៨នាក់កំពុងស្នាក់នៅក្នុងសណ្ឋាគារនៅពេលដែលអគ្គីភ័យបានផ្ទុះឡើង»។
របាយការណ៍ពីមុនបាននិយាយថា មនុស្ស ១០នាក់បានស្លាប់ និង៣២នាក់របួស ។ យោងតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក កេម៉ាល់ មេមីសូហ្គ្លូ (Kemal Memisoglu) បានឱ្យដឹងថា មនុស្សមួយចំនួនបានចេញពីមន្ទីរពេទ្យរួចហើយ។
លោករដ្ឋមន្ត្រីបាននិយាយថា «ក្នុងចំណោមអ្នករងរបួសចំនួន ៥១នាក់ មានមនុស្សម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលយ៉ាងយកចិត្តទុកដាក់។ អ្នកជំងឺ ១៧នាក់បានចេញពីមន្ទីរពេទ្យរួចហើយ។ លោកបានបន្តថា ក្រុមពន្លត់អគ្គិភ័យបានឆ្លើយតបភ្លាមៗចំពោះការប្រកាសអាសន្ន ហើយបានចាប់ផ្តើមពន្លត់ភ្លើងនៅម៉ោង ៤:១៥នាទីព្រឹក (ម៉ោងក្នុងតំបន់)៕
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក មេហ៍មេត នូរី អឺសូយ (Mehmet Nuri Ersoy) បាននិយាយថា «សណ្ឋាគារបានទទួលវិញ្ញាបនបត្រសុវត្ថិភាពអគ្គីភ័យទាំងអស់» ហើយ «មិនមានការរំលោភលើសុវត្ថិភាពអគ្គីភ័យណាមួយត្រូវបានគេរកឃើញទេរហូតមកដល់ពេលនេះ»៕
ដោយ៖ មូល មិនា (ប្រភព៖ តាសស៍)





