ក្រុមប្រឹក្សាថៃជំរុញឲ្យអាស៊ានរួបរួមគ្នាក្នុងកិច្ចចរចាពាណិជ្ជកម្មអាមេរិក
AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ --ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) នៃប្រទេសថៃ បានផ្តល់អនុសាសន៍ថា ប្រទេសថៃសហការជាមួយប្រទេសអាស៊ានផ្សេងទៀតក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដើម្បីជៀសវាងការយកពន្ធនាំចូល និងការពិន័យខ្ពស់។
អគ្គលេខាធិការក្រុមប្រឹក្សា NESDC លោក ដានូចា ពីចាយ៉ាណាន់ (Danucha Pichayanan) បានព្រមានថា សហរដ្ឋអាមេរិកទំនងជានឹងដំឡើងពន្ធនាំចូលប្រឆាំងនឹងប្រទេសដែលទទួលបានអតិរេកពាណិជ្ជកម្ម មុនពេលចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្មជាមួយពួកគេ។
យោងតាមគេហទំព័រព័ត៌មាន The Nation បានឱ្យដឹងថា ប្រទេសថៃតែមួយនឹងមិនមានអំណាចគ្រប់គ្រាន់ដើម្បីចរចាប្រកបដោយប្រសិទ្ធភាពចំពោះពន្ធទាបជាមួយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ (Donald Trump)។
លោក ដានូចា បានគូសបញ្ជាក់ពីការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះក្រុមហ៊ុនចិនដែលផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ពួកគេទៅកាន់ប្រទេសថៃដើម្បីគេចពីពន្ធ។ លោកបានស្នើឲ្យក្រុមប្រឹក្សាវិនិយោគ (BOI) លើកទឹកចិត្តក្រុមហ៊ុនចិនក្នុងឧស្សាហកម្មគោលដៅដើម្បីបង្កើតភាពជាដៃគូក្នុងប្រទេសថៃ។
លោក ដានូចា បាននិយាយថា បច្ចុប្បន្នក្រុមហ៊ុនចិនជាច្រើនបានចុះឈ្មោះជាអង្គភាពថ្មីនៅក្នុងប្រទេសសិង្ហបុរី បន្ទាប់មកវិនិយោគនៅក្នុងប្រទេសថៃ។ លោកបានបន្ថែមថា ក្រុមប្រឹក្សា BOI ក៏គួរពិចារណាផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុនចិនផងដែរ ប្រសិនបើពួកគេមានដៃគូជាជនជាតិថៃ៕
ដោយ៖ មូល មិនា (ប្រភព៖ VNA)





