អគ្គីភ័យបានបំផ្លាញផ្ទះជាង ៥០០ខ្នងនៅកណ្តាលទីក្រុងហ្សាកាតា
AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ -- ផ្ទះចំនួន ៥៤៣ ខ្នងត្រូវបានបំផ្លាញនៅក្នុងគ្រោះអគ្គីភ័យនៅក្នុងសង្កាត់កេម៉ាយ៉ូរ៉ាន់ កណ្តាលទីក្រុងហ្សាកាតា កាលពីថ្ងៃទី២១ ខែមករា។
យោងតាមលោក ស៊ូសាតយ៉ូ ពួរណូម៉ូ កុនដ្រូ (Susatyo Purnomo Condro) អធិការក្រុងហ្សាកាតា បានឱ្យដឹងថា អាជ្ញាធរបានដាក់ពង្រាយរថយន្តពន្លត់អគ្គិភ័យចំនួន ៣៤គ្រឿង ដោយមានអ្នកពន្លត់អគ្គិភ័យប្រមាណ ១៧០នាក់ដើម្បីពន្លត់ភ្លើង។ ប្រតិបត្តិការនេះបានអូសបន្លាយរហូតដល់ម៉ោង ៦:០០នាទីព្រឹកដោយមិនមានអ្នករងរបួសឡើយ។ មនុស្សជាង ១.៧០០នាក់ត្រូវបានផ្លាស់ទីលំនៅ។
អគ្គិភ័យនេះសង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គិសនីបានឆាបឆេះកាលពីវេលាម៉ោង០និង៣០នាទីព្រឹកចេញពីផ្ទះមួយខ្នង។ មូលហេតុពិតប្រាកដកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅ ឡើយ៕
ដោយ៖ មូល មិនា (ប្រភព៖ VNA)





