ក្រុមហ៊ុនអាកាសចរណ៍ Air Astana នឹងបើកដំណើរការជើងហោះហើរទៅកាន់ទីក្រុងគ័ងស៊ូ ប្រទេសចិននៅចុងខែមីនា
AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ -- ក្រុមហ៊ុនអាកាសចរណ៍ Air Astana ដែលជាក្រុមហ៊ុនអាកាសចរណ៍លំដាប់កំពូលរបស់ប្រទេសកាហ្សាក់ស្ថាន គ្រោងនឹងចាប់ផ្តើមជើងហោះហើរថ្មីពីទីក្រុងអាល់ម៉ាទី ទៅកាន់ទីក្រុងគ័ងស៊ូ ភាគខាងត្បូងប្រទេសចិន នៅចុងខែមីនានេះ។
ដំណើរការដោយយន្តហោះ Airbus A321LR ជើងហោះហើរថ្មីនឹងដំណើរការចំនួន ៣ដងក្នុងមួយសប្តាហ៍ ដោយចេញដំណើរពីទីក្រុងអាល់ម៉ាទី នៅថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃអាទិត្យ និងពីទីក្រុងគ័ងស៊ូ នៅថ្ងៃពុធ សុក្រ និងថ្ងៃចន្ទ។ ជើងហោះហើរដំបូងពីទីក្រុងអាល់ម៉ាទី ត្រូវបានរំពឹងទុកនៅថ្ងៃទី៣០ ខែមីនា។
លោក ផេទឺ ហ្វូស្ទឺ (Peter Foster) នាយកប្រតិបត្តិក្រុមហ៊ុន Air Astana បាននិយាយថា «ប្រទេសចិនតែងតែជាទីផ្សារដ៏សំខាន់ជាយុទ្ធសាស្រ្តសម្រាប់ក្រុមហ៊ុន Air Astana ជាមួយនឹងកំណើនអាជីវកម្ម និងការកម្សាន្តដ៏រឹងមាំ ចាប់តាំងពីសេវាកម្មដំបូងត្រូវបានបើកដំណើរការរវាងទីក្រុងអាស្តាណា និងទីក្រុងប៉េកាំង កាលពីជាង ២០ឆ្នាំមុន»។
លោកបាននិយាយថា «ការដាក់ឱ្យដំណើរការជើងហោះហើរថ្មីទៅកាន់ទីក្រុងគ័ងស៊ូ គឺជាតំណាងឱ្យជំហានដ៏សំខាន់មួយក្នុងការពង្រីកបណ្តាញក្រុមហ៊ុនអាកាសចរណ៍ Air Astana នៅក្នុងប្រទេសចិន»។
បច្ចុប្បន្នក្រុមហ៊ុន Air Astana ដំណើរការជើងហោះហើរប្រចាំសប្តាហ៍ចំនួន ៧ដងទៅកាន់ទីក្រុងប៉េកាំង ពីទីក្រុងអាល់ម៉ាទី និងទីក្រុងអាស្តាណា និងជើងហោះហើរចំនួន ៤ដងប្រចាំសប្តាហ៍ទីក្រុងអាល់ម៉ាទី ទៅកាន់ទីក្រុងយូរូមគី។ ពលរដ្ឋកាហ្សាក់ស្ថានអាចធ្វើដំណើរក្នុងប្រទេសចិនបានរហូតដល់ ៣០ថ្ងៃដោយគ្មានទិដ្ឋាការ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





