កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកធ្វើសមយុទ្ធដែនអាកាសរួមគ្នាជាប្រចាំ
AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ -- កងកម្លាំងទ័ពអាកាសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធអាកាសរួមគ្នារយៈពេល ៤ថ្ងៃកាលពីថ្ងៃអង្គារ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេក្នុងការអនុវត្តន៍ប្រតិបត្តិការរួមគ្នា។
យោងតាមកងទ័ពអាកាស បានឱ្យដឹងថា សមយុទ្ធ Buddy Squadron នឹងធ្វើឡើងនៅមូលដ្ឋានទ័ពអាកាសក្នុងទីក្រុងវ៉ុនជូ មានចម្ងាយ ៨៧គីឡូម៉ែត្រភាគអាគ្នេយ៍ពីទីក្រុងសេអ៊ូល រហូតដល់ថ្ងៃសុក្រ ហើយមានការចូលរួមពីយន្តហោះចម្បាំង FA-50 របស់ប្រទេសកូរ៉េខាងត្បូង យន្តហោះវាយប្រហារធុនស្រាល KA-1 ក៏ដូចជាយន្តហោះវាយប្រហារ A-10 របស់សហរដ្ឋអាមេរិក។
សមយុទ្ធនេះ មានគោលបំណងពង្រឹងការងារជាក្រុមរបស់សម្ព័ន្ធមិត្ត រួមមានការអប់រំសុវត្ថិភាព និងសន្តិសុខ ក៏ដូចជាការបណ្តុះបណ្តាលលើការគាំទ្រផ្លូវអាកាសយ៉ាងជិតស្និទ្ធ និងការល្បាតប្រយុទ្ធលើផ្ទៃទឹក។
សមយុទ្ធ Buddy Squadron ដែលត្រូវបានគ្រោងទុកនឹងក្លាយជាសមយុទ្ធចុងក្រោយដែលពាក់ព័ន្ធនឹងយន្តហោះ A-10 របស់សហរដ្ឋអាមេរិក ដែលកងទ័ពអាកាសសហរដ្ឋអាមេរិកគ្រោងនឹងដាក់ចូលនិវត្តន៍ពីប្រទេសកូរ៉េខាងត្បូងនៅឆ្នាំនេះក្រោមផែនការទំនើបកម្ម៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





