កូរ៉េខាងត្បូង និងម៉ាឡេស៊ី ធ្វើកិច្ចចរចាពាណិជ្ជកម្មសេរីលើកទី៦
AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ -- ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានចាប់ផ្តើមការចរចាលើកទី៦ ជាមួយប្រទេសម៉ាឡេស៊ី សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកផលប័ត្រពាណិជ្ជកម្មរបស់ខ្លួន និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូ។
យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល បានឱ្យដឹងថា ជុំចុងក្រោយនៃកិច្ចចរចាសម្រាប់កិច្ចព្រមព្រៀង FTA បានចាប់ផ្តើមកាលពីថ្ងៃអង្គារដែលនឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃតាមរយៈទូរស័ព្ទ។
ក្រសួងបានបន្ថែមថា ភាគីទាំងពីរគ្រោងនឹងផ្តោតលើការធ្វើឱ្យមានការជឿនលឿនក្នុងការចរចាលើវិស័យចំនួន ១១ រួមមានទំនិញ សេវាកម្ម ការវិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្មឌីជីថល។ នៅខែមីនា ឆ្នាំ២០២៤ ប្រទេសទាំងពីរបានយល់ព្រមបន្តការចរចារឡើងវិញ បន្ទាប់ពីបានផ្អាកអស់រយៈពេល ៥ឆ្នាំ។
ប្រទេសកូរ៉េខាងត្បូងមានកិច្ចព្រមព្រៀង FTA រួចហើយជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប៉ុន្តែខ្លួនកំពុងស្វែងរកការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយសមាជិកនីមួយៗ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដាច់ដោយឡែកពីគ្នា៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





