ឡាវផ្តោតលើការពង្រឹងវិស័យរ៉ែ
AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ -- ក្រសួងថាមពល និងរ៉ែរបស់ប្រទេសឡាវ រួមជាមួយនឹងភាគីពាក់ព័ន្ធផ្សេងទៀត បាននឹងកំពុងពិភាក្សាអំពីផែនការកែលម្អគុណភាពវិនិយោគ និងប្រសិទ្ធភាពក្នុងគម្រោងរុករករ៉ែសម្រាប់ឆ្នាំ២០២៥។
មន្ត្រីក្រសួង អ្នកពាក់ព័ន្ធសំខាន់ៗ ថ្នាក់ដឹកនាំខេត្ត និងអ្នកតំណាងមកពីក្រសួងពាក់ព័ន្ធ និងក្រុមហ៊ុនរុករករ៉ែ បានប្រមូលផ្តុំគ្នានៅរដ្ឋធានីវៀងចន្ទន៍ ដើម្បីពិនិត្យមើលវឌ្ឍនភាពក្នុងឆ្នាំ២០២៤ និងផែនការសម្រាប់ឆ្នាំ២០២៥។
យោងតាមវិទ្យុជាតិឡាវ បានឱ្យដឹងថា កិច្ចប្រជុំបានកំណត់ពីជោគជ័យ និងបញ្ហាប្រឈម។ លើសពីនេះ អ្នកចូលរួមបានពិភាក្សាអំពីវិធីដើម្បីបង្កើនការសម្របសម្រួលរវាងក្រសួង មន្ទីរ និងអាជ្ញាធរមូលដ្ឋាន។
រដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែឡាវ លោក ភូសាយ សាយ៉ាសូន (Phoxay Sayasone) បានលើកឡើងពីបញ្ហាប្រឈមដែលវិស័យរុករករ៉ែក្នុងឆ្នាំ២០២៤ រួមមាន ការលំបាកផ្នែកសេដ្ឋកិច្ច ឧបសគ្គសារពើពន្ធ ការកើនឡើងតម្លៃប្រេងឥន្ធនៈ ការប្រែប្រួលអត្រាប្តូរប្រាក់ និងការពន្យារពេលគម្រោង។ លោកបន្តថា ទោះបីជាមានឧបសគ្គយ៉ាងណាក៏ដោយ ក៏វិស័យរ៉ែសម្រេចបានការរីកចម្រើនគួរឱ្យកត់សម្គាល់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





