ប្រធានាធិបតីអេហ្ស៊ីប និងអធិការបតីអូទ្រីស ពិភាក្សាអំពីការអភិវឌ្ឍក្នុងតំបន់
AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ -- ប្រធានាធិបតីអេហ្ស៊ីបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីអេហ្ស៊ីប លោក អាប់ដេល ហ្វាតតាហ៍ អាល់ ស៊ីស៊ី (Abdel-Fattah al-Sisi) និងអធិការបតីអូទ្រីស លោក អាឡិចសាន់ដឺ ស្កាល់លេនប៊ើហ្គ (Alexander Schallenberg) បានពិភាក្សាគ្នាតាមទូរស័ព្ទអំពីការអភិវឌ្ឍក្នុងតំបន់។
លោក ស៊ីស៊ី បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់ប្រទេសអេហ្ស៊ីបក្នុងការធានាការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់សម្រាប់ចំណាប់ខ្មាំងតំបន់ហ្គាហ្សា និងការផ្តល់ជំនួយមនុស្សធម៌គ្រប់គ្រាន់ដល់ប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីប។
លោកក៏បានសង្កត់ធ្ងន់លើភាពមិនអាចខ្វះបាននៃការផ្តួចផ្តើមកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញនៅតំបន់ហ្គាហ្សាដើម្បីធ្វើឱ្យមានកន្លែងរស់នៅ។
លោក ស្កាល់លេនប៊ើហ្គ បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអេហ្ស៊ីបក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដើម្បីសម្របសម្រួលជម្លោះ និងទប់ស្កាត់ការបង្ហូរឈាមបន្ថែមទៀត។ លោកបានបញ្ជាក់ពីការពេញចិត្តរបស់ប្រទេសលោកចំពោះតួនាទីសំខាន់របស់ប្រទេសអេហ្ស៊ីបក្នុងការធានាបទឈប់បាញ់។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សារបស់ភាគីទាំងពីរ លោក ស៊ីស៊ី បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ប្រទេសអេហ្ស៊ីបក្នុងការរក្សាការរួបរួម បូរណភាពទឹកដី និងសន្តិសុខរបស់ប្រជាជនរបស់ប្រទេសស៊ីរី។ មេដឹកនាំទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាបទឈប់បាញ់ និងគាំទ្រស្ថាប័នរដ្ឋរបស់ប្រទេសលីបង់៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





