លោក វីកទឺ អរបាន ជំរុញឱ្យសហភាពអឺរ៉ុបសម្របខ្លួនទៅនឹងបញ្ហាប្រឈមជាសកល
AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីហុងគ្រី លោក វីកទឺ អរបាន (Viktor Orban) បានជំរុញឱ្យសហភាពអឺរ៉ុប (EU) សម្របខ្លួនទៅនឹងបញ្ហាប្រឈមជាសកល និងកំណត់ឡើងវិញនូវតួនាទីរបស់ខ្លួនដើម្បីរក្សាការប្រកួតប្រជែងនៅលើឆាកពិភពលោក។
លោក អរបាន បានរិះគន់ពីសមត្ថភាពរបស់សហភាពអឺរ៉ុបក្នុងការដោះស្រាយការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ដោយបានលើកឡើងថា ប្លុកនេះគឺផ្តោតយ៉ាងខ្លាំងលើការពង្រីកបទប្បញ្ញត្តិផ្ទៃក្នុង។ លោកបានអះអាងថា សហភាពអឺរ៉ុបបានបរាជ័យក្នុងការដោះស្រាយបញ្ហាសំខាន់ៗដូចជា សន្តិសុខថាមពល ការធ្វើចំណាកស្រុកខុសច្បាប់ និងភាពរឹងមាំនៃសេដ្ឋកិច្ច។
លោកបាននិយាយថា «ទីក្រុងព្រុចសែលកំពុងអង្គុយដោយស្ងៀមស្ងាត់នៅក្នុងបន្ទប់ចាក់សោរ ខណៈពេលដែលពិភពលោកទាំងមូលកំពុងឆ្ពោះទៅមុខ»។ លោក អរបាន បានព្រមានថា ភាពឯកោកើនឡើងពីប្លុករបស់ប្រទេសធំៗ រួមទាំងសហរដ្ឋអាមេរិក ប្រទេសចិន និងរុស្ស៊ីផងដែរ ហើយការកើនឡើងឥទ្ធិពលនៃទ្វីបអាហ្រ្វិក គឺជាកំហុសមួយ។
លោក អរបាន ក៏បានលើកឡើងអំពីការផ្លាស់ប្តូរនយោបាយនៅក្នុងសភាអឺរ៉ុប ដោយពណ៌នាការបោះឆ្នោតអឺរ៉ុបថាជាចំណុចរបត់ដ៏មានសក្តានុពល។
ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកំណែទម្រង់របស់សហភាពអឺរ៉ុប លោកបាននិយាយថា «យើងមិនចង់ធ្វើតាមទម្រង់របស់សហភាពអឺរ៉ុបទេ យើងគ្រាន់តែចង់រស់នៅក្នុងជីវិតរបស់យើងប៉ុណ្ណោះ។ ប៉ុន្តែតួនាទីសហភាពអឺរ៉ុបមានសារៈសំខាន់ណាស់ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់យើងទាំងអស់គ្នា»៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





