នាយករដ្ឋមន្ត្រីថៃសន្យាពង្រឹងវិធានការសន្តិសុខដល់ភ្ញៀវទេសចរបរទេស
AKP ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បានសន្យាថាប្រទេសថៃកំពុងពង្រឹងវិធានការសន្តិសុខសម្រាប់អ្នកទេសចរ ដើម្បីស្ដារទំនុកចិត្តក្នុងចំណោមភ្ញៀវទេសចរចិន បន្ទាប់ពីការព្រួយបារម្ភត្រូវបានលើកឡើងអំពីសុវត្ថិភាពរបស់អ្នកដំណើរ ដោយសារការចាប់ពង្រត់តារាសម្ដែងជនជាតិចិន។ ទេសចរណ៍ គឺជាប្រភពចំណូលដ៏សំខាន់របស់ប្រទេសនេះ ដោយលោកស្រី បានបញ្ជាក់ថា លោកស្រីមិនចង់ឱ្យវាប៉ះពាល់នោះទេ។
លោកស្រី ផេថងថាន បាននិយាយថា លោកស្រីបានណែនាំភ្នាក់ងារសន្តិសុខឱ្យបង្កើនការយកចិត្តទុកដាក់សម្រាប់ភ្ញៀវទេសចរ។ នាយករដ្ឋមន្ត្រីថៃបានបន្ថែមថា លោកស្រីនឹងកត់ត្រាសារជាភាសាចិន ដើម្បីធានាដល់ភ្ញៀវទេសចរអំពីសុវត្ថិភាពរបស់ពួកគេក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសថៃ។
ក្នុងឆ្នាំ២០២៤ ជនជាតិចិនជាង ៦,៧លាននាក់បានមកលេងប្រទេសថៃដែលស្មើនឹងជិត ១ ភាគ៥ នៃចំនួនភ្ញៀវទេសចរបរទេសចំនួន ៣៥,៥លាននាក់។
ការព្រួយបារម្ភអំពីសុវត្ថិភាពរបស់អ្នកទេសចរចិនត្រូវបានបង្កឡើងនៅដើមខែនេះ នៅពេលដែលតារាសម្តែង វ៉ាង ស៊ីង (Wang Xing) ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួននៅព្រំដែនថៃ-មីយ៉ាន់ម៉ា ហើយអាជ្ញាធរបានណែនាំថា តារារូបនេះប្រហែលជារងគ្រោះពីការជួញដូរមនុស្សដោយឧក្រិដ្ឋជន។ ក្រោយមក តារាសម្តែងវ័យ ២២ឆ្នាំរូបនេះត្រូវបានគេរកឃើញហើយឥឡូវនេះបានត្រលប់ទៅប្រទេសចិនវិញហើយ។
ករណីនេះបានរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយបង្កើនការភ័យខ្លាចក្នុងប្រទេសថៃអំពីការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរចិនជាពិសេសនៅពេលដែលពិធីបុណ្យចូលឆ្នាំថ្មីបានចាប់ផ្តើម៕
ដោយ៖ មូល មិនា (ប្រភព៖ VNA)





