ការនាំចេញកៅស៊ូរបស់វៀតណាមបានព្យាករថានឹងមានលើសពី ១១ប៊ីលានដុល្លារអាម៉េរិក
AKP ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ -- សមាគមកៅស៊ូវៀតណាម(VRA) មានទស្សនវិស័យសម្រាប់ឧស្សាហកម្មកៅស៊ូនៅឆ្នាំ២០២៥ ដោយព្យាករណ៍ថា កំណើនប្រចាំឆ្នាំ ១០% នៃប្រាក់ចំណូលនាំចេញមានដល់ជាង១១ប៊ីលានដុល្លារអាម៉េរិក។ ទស្សនវិស័យនេះត្រូវបានជំរុញតម្លៃប្រកបដោយនិរន្តរភាពនៃវត្ថុធាតុដើមដែលមិនប៉ះពាល់ដល់បរិស្ថាន និងការអនុវត្តប្រកបដោយភាពច្នៃប្រឌិត។
លោក ង្វៀន ដុកដុង (Nguyen Duc Dung) អគ្គនាយករងនៃការផ្លាស់ប្តូរទំនិញវៀតណាមបានចង្អុលបង្ហាញថា អ្នកផលិតកៅស៊ូវៀតណាមកំពុងស្ថិតក្នុងចំណុចសំខាន់មួយដើម្បីទាញយកទុនលើនិន្នាការនេះ។ មិនត្រឹមតែមានតម្រូវការកើនឡើងពីប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែក៏មានពីប្រទេសជិតខាងអាស៊ីអាគ្នេយ៍ផងដែរ ដែលជំរុញដល់ការស្ទុះងើបសេដ្ឋកិច្ចពិភពលោក។
ប្រទេសចិននៅតែជាទីផ្សារធំបំផុតសម្រាប់ការនាំចេញកៅស៊ូរបស់ប្រទេសវៀតណាម។ លោកបានបន្តថា ក្នុងឆ្នាំ២០២៤ ប្រទេសនេះបាននាំចូលកៅស៊ូវៀតណាមក្នុងទំហំទឹកប្រាក់ ២,៤ ប៊ីលានដុល្លារអាម៉េរិក ឬ៧០,៥% នៃតម្លៃនាំចេញកៅស៊ូសរុបរបស់ប្រទេសវៀតណាម។
យោងតាមអគ្គនាយកដ្ឋានគយវៀតណាម បានឱ្យដឹងថា ប្រទេសនេះរកចំណូលបាន ៣,៤ប៊ីលានដុល្លារអាម៉េរិកពីការនាំចេញជ័រកៅស៊ូ ២លានតោនកាលពីឆ្នាំមុន បានធ្លាក់ចុះ ៦% ក្នុងបរិមាណ ប៉ុន្តែកើនឡើង ១៨%នៅក្នុងតម្លៃ។ ទន្ទឹមនឹងនេះដែរ ខ្លួនបានចំណាយ ៣ប៊ីលានដុល្លារអាម៉េរិកលើការនាំចូល ១,៩លានតោន ដែលបណ្តាលឱ្យមានអតិរេកពាណិជ្ជកម្មចំនួន ៤០០លានដុល្លារអាម៉េរិក។
ប្រធានសមាគម VRA លោក ឡេ ថាញ់ហ៊ុង (Le Thanh Hung)បាននិយាយថា ការកើនឡើងតម្លៃ គឺជាលទ្ធផលនៃតម្លៃនាំចេញជាមធ្យមបានកើនឡើងពី ១.៣៥០ដុល្លារអាម៉េរិកដល់ ១.៧០១ដុល្លារអាម៉េរិកក្នុងមួយតោនក្នុងឆ្នាំ២០២៤។ ការកើនឡើងតម្លៃនេះត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងតម្រូវការកើនឡើងពីសហភាពអឺរ៉ុបដែលកាន់កាប់ចំណែកធំនៃពាណិជ្ជកម្មកៅស៊ូពិភពលោកដែលស្មើនឹង ៣១-៣៤,៥% នៃការនាំចេញ៕
ដោយ៖ មូល មិនា (ប្រភព៖ VNA)





