អាស៊ាន និងកូរ៉េខាងត្បូង យល់ព្រមលើគម្រោង ៣០លានដុល្លារអាម៉េរិកដើម្បីជំរុញការច្នៃប្រឌិតឌីជីថល
AKP ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ -- ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មានសាធារណរដ្ឋកូរ៉េខាងត្បូង បាននិយាយថា ខ្លួននឹងចាប់ផ្តើមគម្រោងរួមគ្នារយៈពេល ៥ឆ្នាំជាមួយអាស៊ានដែលមានតម្លៃ៣០លានដុល្លារអាម៉េរិក ដើម្បីជំរុញការច្នៃប្រឌិតឌីជីថលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រសួងគ្រោងនឹងពិភាក្សាលម្អិតអំពីគម្រោងនេះនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានរយៈពេល ២ថ្ងៃ។
គម្រោងនេះមានគោលបំណងអនុវត្តន៍បច្ចេកវិជ្ជាឌីជីថលទំនើបរបស់ប្រទេសកូរ៉េខាងត្បូងក្នុងតំបន់អាស៊ាន ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរឌីជីថល និងជំរុញកំណើនសេដ្ឋកិច្ចរបស់ពួកគេ។ ភាគីទាំងពីរនឹងវិនិយោគទុនរួមគ្នាចំនួន ៣០លានដុល្លារអាម៉េរិកពីមូលនិធិសហប្រតិបត្តិការរហូតដល់ឆ្នាំ២០២៩ ដើម្បីបង្កើតទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រកម្រិតខ្ពស់នៅក្នុងតំបន់។ មូលនិធិនេះក៏នឹងត្រូវបានប្រើដើម្បីអភិវឌ្ឍធនធានមនុស្ស និងដំណោះស្រាយបញ្ញាសិប្បនិមិត្តផងដែរ។
អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រទី២ លោក កាង ដូយ៉ុន (Kang Do-hyun) បាននិយាយថា ឥឡូវនេះវាដល់ពេលហើយសម្រាប់ប្រទេសទាំងអស់ដើម្បីពន្លឿនការផ្លាស់ប្តូរឌីជីថលប្រកបដោយនិរន្តរភាព និងភាពច្នៃប្រឌិត៕
ដោយ៖ មូល មិនា (ប្រភព៖ VNA)





