សហរដ្ឋអាមេរិកបើកការវាយប្រហារតាមផ្លូវអាកាសថ្មីលើរដ្ឋធានីយេម៉ែន
AKP ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ -- ប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ូធី បាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារតាមផ្លូវអាកាសថ្មីលើតំបន់របស់ប្រទេសយេម៉ែននៅភាគខាងជើងទីក្រុងសាណា កាលពីព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីមានការអះអាងពីក្រុមហ៊ូធីក្នុងការកំណត់គោលដៅទៅលើនាវាផ្ទុកយន្តហោះ និងនាវាចម្បាំងរបស់សហរដ្ឋអាមេរិកនៅក្នុង សមុទ្រក្រហម។
ទូរទស្សន៍ Al-Masirah ដែលគ្រប់គ្រងដោយក្រុមហ៊ូធី បានរាយការណ៍ថា ការវាយប្រហារតាមអាកាសចំនួន ៤លើករបស់សហរដ្ឋអាមេរិកបានវាយប្រហារតំបន់ Al-Azraqeen ភាគខាងជើងនៃរដ្ឋធានីសាណា។ អ្នកស្រុកបានបញ្ជាក់ប្រាប់សារព័ត៌មានស៊ីនហួថា ការផ្ទុះត្រូវបានគេឮពាសពេញទីក្រុងបន្ទាប់ពីការទម្លាក់គ្រាប់បែកនេះ។
ការវាយប្រហារនេះបានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីអ្នកនាំពាក្យយោធាក្រុមហ៊ូធី លោក យ៉ាហ៍យ៉ា សារៀ (Yahya Sarea) បានប្រកាសថា«ប្រតិបត្តិការយោធាយេម៉ែនរួមគ្នា» ដែលផ្តោតលើនាវាផ្ទុកយន្តហោះ USS Harry Truman និងនាវាអមដំណើរនៅភាគខាងជើង សមុទ្រក្រហមដោយប្រើ «យន្តហោះគ្មានមនុស្សបើក និងមីស៊ីលធ្វើដំណើរ»។
លោក សារៀ បាននិយាយថា ប្រតិបត្តិការនេះ «សម្រេចបានលើគោលដៅរបស់ខ្លួនដោយជោគជ័យ» និងបានកត់សម្គាល់នូវការវាយប្រហារលើកទី៨ លើនាវាផ្ទុកយន្តហោះ ចាប់តាំងពីការដាក់ពង្រាយរបស់ខ្លួនទៅកាន់តំបន់សមុទ្រក្រហម។
ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកធ្លាប់បានប្រកាសពីការមកដល់របស់ក្រុមនាវាផ្ទុកយន្តហោះនៅក្នុងសមុទ្រក្រហមកាលពីថ្ងៃទី១៤ខែធ្នូ។ នៅក្នុងការព្រមានដល់កងកម្លាំងបរទេស លោក សារៀ បាននិយាយថា យោធាក្រុមហ៊ូធីនឹង «ប្រឈមមុខនឹងការឈ្លានពានណាមួយជាមួយនឹងប្រតិបត្តិការយោធាប្រកបដោយគុណភាព» ដែលគ្មានដែនកំណត់ក្នុងអំឡុងពេលបទឈប់បាញ់តំបន់ហ្គាហ្សា៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





