ប្រធានាធិបតីអ៊ុយក្រែន និងរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ ជួបពិភាក្សាគ្នាអំពីជំនួយយោធា
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ -- យោងតាមសេវាសារព័ត៌មានប្រធានាធិបតី បានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) បានជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក បូរីស ពីស្តូរីស (Boris Pistorius) ដើម្បីពិភាក្សាអំពីជំនួយយោធា។
ប្រធានបទសំខាន់ៗនៃកិច្ចប្រជុំរួមមានការពង្រឹងការការពារដែនអាកាសរបស់អ៊ុយក្រែន ការផ្គត់ផ្គង់គ្រាប់រំសេវ និងការទិញអាវុធ និងឧបករណ៍របស់អ៊ុយក្រែនតាមគំរូប្រទេសដាណឺម៉ាក ដែលគិតគូរពីការផ្តល់ហិរញ្ញប្បទានផ្ទាល់ពីក្រុមហ៊ុនផលិតអាវុធអ៊ុយក្រែន។
ភាគីនានាក៏បានស្វែងយល់ពីសក្តានុពលនៃការពង្រីកគម្រោងរួមគ្នាលើការផលិត និងជួសជុលសព្វាវុធ និងឧបករណ៍នៅអ៊ុយក្រែន។ ក្នុងអំឡុងកិច្ចពិភាក្សា លោក ហ្សេលេនស្គី បានកត់សម្គាល់ថា ប្រទេសអាល្លឺម៉ង់បានរួមចំណែកប្រហែល ១៦% នៃជំនួយទាំងអស់ដែលអ៊ុយក្រែនបានទទួលពីដៃគូរបស់ខ្លួន។
ចំណែកឯលោក ពីស្តូរីស បានប្រកាសថា ប្រទេសអាឡឺម៉ង់ថ្មីៗនេះបានបញ្ជាទិញរថក្រោះ RCH 155 ចំនួន ៥៤គ្រឿងដោយខ្លួនឯងសម្រាប់អ៊ុយក្រែន។ លោក ពីស្តូរីស បានមកដល់ប្រទេសអ៊ុយក្រែនសម្រាប់ដំណើរទស្សនកិច្ចលើកទី៤ របស់លោក៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





