សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យប្រគល់ផ្ទះមនុស្សធម៌ និងបង្គន់អនាម័យជូនលោកយាយចាស់ជរា ក្រីក្រ និងចែកអំណោយដល់ពលរដ្ឋក្រីក្រចាស់ជរា ស្រុកមង្គលបូរី
AKP បន្ទាយមានជ័យ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥--ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ប្រគល់ផ្ទះមនុស្សធម៌ទី១៧ ជូនលោកយាយឈ្មោះ សែម យ៉ុន អាយុ៧៨ឆ្នាំ ដែលចិញ្ចឹមចៅប្រុសស្រី២នាក់ មានទីលំនៅក្នុងភូមិជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី និងចែកអំណោយដល់ពលរដ្ឋក្រីក្រចាស់ជរាចំនួន១០គ្រួសារ កាលពីរសៀលថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២៥នេះ។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានប្រាប់ឱ្យដឹងថា ផ្ទះចាស់របស់លោកយាយ សែម យ៉ុនបានទទួលរងគ្រោះដោយសារភ្លើងឆេះ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។ ដោយមើលឃើញពីការលំបាករបស់លោកយាយដែលគ្មានផ្ទះសម្បែងសម្រាប់រស់នៅនោះទើបឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តចាត់ឱ្យក្រុមប្រតិបត្តិសាខាចុះធ្វើការសាងសង់ផ្ទះជូនគាត់ជាបន្ទាន់។ ផ្ទះថ្មីនេះជាផ្ទះមនុស្សធម៌ទី១របស់សាខា ក្នុងឆ្នាំ២០២៥ និងជាផ្ទះមនុស្សធម៌ទី១៧ ដែលបានសាងសង់ឡើងពីដែកប្រក់ស័ង្កសី ជញ្ជាំងស័ង្កសីចាក់សាបបាត ដែលមានបណ្តោយ៦ម៉ែត្រ ទទឺង៤ម៉ែត្រ និងកម្ពស់៣,៨ម៉ែត្រ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនបងប្អូនប្រជាពលរដ្ឋដោយក្តីនឹករលឹកហើយ ដែលសម្តេចតែងតែគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ច ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោលនោះទេ“។

ជាមួយគ្នានេះដែរ ឯកឧត្តមបានក្រើនរម្លឹកប្រជាពលរដ្ឋទាំងអស់សូមយកចិត្តទុកដាក់ថែរក្សាសុខភាពប្រកាន់ភ្ជាប់នូវអនាម័យដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីចៀសវាងពីជំងឺដង្កាត់ផ្សេងៗមកបៀតបៀននោះ។

សូមបញ្ជាក់ថា ក្នុងការប្រគល់ផ្ទះមនុស្សធម៌នេះសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យបានផ្តល់សម្ភារមួយចំនួនជូនលោកយាយ សែម យ៉ុន រួមមាន អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឺកត្រី១យួរ ទឹកសុទ្ធ៥យួរ ធុងទឹកជ័រ៦០លីត្រ ១ ឆ្នាំង២ ចានបាយ៥ ស្លាបព្រា៥ កន្ទេលជ័រ១ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា១០ម៉ឺនរៀល។ ដោយឡែកគ្រួសារក្រីក្រចាស់ជរាចំនួន១០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរទឹកត្រី១យួរ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា២ម៉ឺនរៀល។ រីឯលោកយាយ លោកតាចូលរួមចំនួន២០នាក់ផ្សេងទៀតទទួលបានក្រមា១ និងថវិកាមួយចំនួនផងដែរ និងឯកឧត្តម អ៊ុំ រាត្រី ក៏បានឧបត្ថម្ភសារុងជូនលោកយាយម្ចាស់ផ្ទះចំនួន៣សារុង និងលោកយាយលោកតា៣០នាក់ទទួលបានសារុងម្នាក់១ផងដែរ៕

ដោយ ឈុន សារ៉ាត





