ភូមិចំនួនពីរក្នុងឃុំស្វាយប្រទាល ស្រុកស្អាង បានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដីជាលក្ខណៈជាប្រព័ន្ធ
AKP កណ្តាល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥-- លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន២ភូមិ គឺភូមិព្រែកតាជ័រ និងភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។

លោក ហាក់ សុខមករា បានមានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺដើម្បីទទួលបានបណ្ណកម្មសិទ្ធិដីធ្លី ដែលជាឯកសាររដ្ឋបាលបញ្ជាក់ពីសិទ្ធិជាម្ចាស់លើក្បាលដីនីមួយៗ។ ប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិ គឺជាម្ចាស់ដីធ្លីពេញលក្ខណៈ ហើយត្រូវបានការពារដោយច្បាប់។ ទន្ទឹមនេះបងប្អូនជាម្ចាស់ដីមានសិទ្ធិប្រើប្រាស់អាស្រ័យផល និងចាត់ចែងដីរបស់ខ្លួនផ្តាច់មុខ និងទូលំទូលាយ កុំឱ្យតែយកដីនោះទៅប្រើប្រាស់ក្នុងករណីណាមួយដែលច្បាប់បានហាមឃាត់តែប៉ុណ្ណោះ នេះហើយដែលជាអត្ថន័យនៃតម្លៃបណ្ណកម្មសិទ្ធិដីធ្លី។ បើគ្មានសុខសន្តិភាព គឺបងប្អូនគ្មានឱកាសនឹងទទួលបានទាំងការរស់នៅដោយសុខសន្តិភាព ការដើរហើរសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ជាពិសេសគឺគ្មានឱកាសក្នុងការកាន់កាប់ គ្រប់គ្រងដីធ្លីផ្ទះសម្បែងដោយស្របច្បាប់បានឡើយទាំងនេះ គឺជាការខិតខំរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការគិតគូរចំពោះប្រជាពលរដ្ឋដើម្បីទទួលបានបានកម្មសិទ្ធិប្រើប្រាស់ដីធ្លី ដោយស្របច្បាប់បញ្ជៀសបានពីការរំលោភបំពាន និងកាត់បន្ថយជម្លោះ។ ដើម្បីឱ្យការបិទផ្សាយដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងឃុំស្វាយប្រទាលនេះឱ្យបានលឿន គឺទាមទារឱ្យប្រជាពលរដ្ឋទាំងអស់ សហការជាមួយមន្ត្រីជំនាញ និងយកឯកសារពាក់ព័ន្ធគ្រប់គ្រាន់ដើម្បីបង្ហាញមន្ត្រីជំនាញដើម្បីឱ្យដំណើរការបិទផ្សាយនេះលឿន និងឆាប់ទទួលបានបណ្ណកម្មសិទ្ធិគ្រប់ៗគ្នា។


លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានឱ្យដឹងថា បន្ទាប់ពីបញ្ចប់ការងារវាស់វែង និងបំពេញទម្រង់បែបបទរួចរាល់ក្រុមការងារបានធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដែលមានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ដើម្បីឱ្យម្ចាស់ក្បាលដីពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីរបស់ខ្លួនឱ្យបាន ច្បាស់លាស់មុនឈានដល់ការស្នើសុំចេញបណ្ណកម្មសិទ្ធិជូនម្ចាស់ក្បាលដីទាំងនោះ។
សូមបញ្ជាក់ផងដែរថា ការបិទផ្សាយទិន្នន័យក្បាលដីនៅពេលនេះមានចំនួនសរុប ៣ ០៨២ក្បាលដី នៅភូមិព្រែកតាជ័រ និងភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





