ឯកឧត្ដម ឃួង ស្រេង ចុះពិនិត្យទីតាំងត្រៀមរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅកោះនរា ខណ្ឌច្បារអំពៅ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥-- ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះគ្រោងនឹងធ្វើឡើងនៅខែឧសភា ឆ្នាំ២០២៥ នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លើផ្ទៃដីជាងមួយហិកតា។

ដើម្បីត្រៀមកន្លែងរៀបចំព្រះរាជពិធីនេះ កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអមដំណើរសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធមួយ បានអញ្ជើញចុះពិនិត្យទីតាំងព្រះរាជពិធី ដែលមានទីតាំងនៅលើកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ក្នុងឱកាសនោះ ក្រុមការងារបានវាស់វែងទីតាំងលើផ្ទៃដីប្រមាណជាងមួយហិកតានៅជាប់ខាងត្បូងឈាងខាងកើតស្ពានកោះនរា ស្ថិតនៅក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ក្នុងទំហំដីនេះសម្តេចមហាមន្ត្រី គុយ សុផល ក៏ដូចជាឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យផ្នែកជំនាញរុះរើរោង និងតង់លក់អាហារចេញ និងណែនាំឱ្យដាំស្មៅក្នុងទីតាំងនេះឱ្យបានស្រស់ស្អាតផងដែរ។

សូមបញ្ជាក់ថា ព្រះរាជពិធីច្រត់ព្រះនង្គ័លកម្ពុជាគឺជាព្រះរាជពិធីបុណ្យប្រពៃណីជាតិមួយ ដែលប្រារព្ធឡើងនៅថ្ងៃ៤រោចរៀងរាល់ខែពិសាខ ត្រូវនឹងខែឧសភា ដែលកំណត់តាមប្រតិទិន តាមដំណើរគោលចររបស់ព្រះចន្ទ ដែលរាប់តាមរង្វាស់នៃឆ្នាំចន្ទគតិ នៅក្នុងវប្បធម៌របស់កម្ពុជា ពិធីបុណ្យនេះត្រូវបានគេហៅថាពិធីបុណ្យចាប់ផ្ដើមនូវរដូវដាំដុះ ដែលស្ថាប័នព្រះបរមរាជវាំង និងរៀបចំឱ្យមានកិច្ចភ្ជួរព្រះស្រែដើម្បីជានិមិត្តរូបក្នុងការចាប់ផ្ដើមរបរកសិកម្ម៕


ដោយ សួស សំរិត





