ឯកឧត្តម អ៊ុន ចាន់ដា៖ ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ រដ្ឋបាលខេត្តសម្រេចបាននូវសមិទ្ធផលជាច្រើនជូនរាជរដ្ឋាភិបាល
AKP កំពង់ចាម ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥--
ថ្លែងក្នុងពិធីបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។

បានថ្លែងរំលេចនូវសភាពការណ៍ និងសមទ្ធិផលសំខាន់ៗដែលរដ្ឋបាលខេត្តខិតខំសម្រេចបានរយៈពេល១ឆ្នាំកន្លងទៅនេះ គឺជាឆ្នាំទីមួយក្នុងនីតិកាលទី៧នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រដ្ឋបាលខេត្តសម្រេចបាននូវសមិទ្ធផលជាច្រើនរួមមាន៖ ទី១. ការងារសន្តិសុខ សណ្តាប់ធ្នាប់កងកម្លាំងនគរបាល កងរាជអាវុធហត្ថ តំបន់ប្រតិបត្តិការសឹករងកំពង់ចាម បានបន្តការសហការ និងបានចូលរួមពីកម្លាំងអនុវត្តច្បាប់នានា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមានការគាំទ្រ ចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន តាមរយៈការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ធ្វើឱ្យយើងបង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានា ក្នុងខេត្ត កាន់តែមានប្រសិទ្ធភាពថែមទៀត។ ទី២. ការងារអភិវឌ្ឍន៍ក្នុងឆ្នាំ២០២៤ មានចំនួន ២៥៤ គម្រោង ក្នុងនោះប្រើប្រាស់ថវិការបស់រដ្ឋបាលខេត្ត ចំនួន១៩គម្រោង និងបានអនុវត្តបញ្ចប់គម្រោង១០០% ចំនួន១៩គម្រោង។ មូលនិធិក្រុង-ស្រុក មានចំនួន ៥១គម្រោង និងបានអនុវត្តបញ្ចប់គម្រោង ១០០%មូលនិធិឃុំ-សង្កាត់ មានចំនួន១៨៤គម្រោង។ ទី៣. ការផ្តល់សេវាសាធារណៈអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត និងការិយាល័យច្រកចេញចូលតែមួយក្រុង-ស្រុក និងយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ-សង្កាត់ បានលើកកម្ពស់គុណភាព ប្រសិទ្ធភាពរហ័ស តម្លាភាព និងគណនេយ្យភាព និងបង្ខិតសេវាឱ្យកៀកនឹងជិតប្រជាពលរដ្ឋ តាមរយៈអង្គភាពច្រកចេញចូលតែមួយ ដោយក្នុងនោះច្រកចេញចូលតែមួយសាលាខេត្ត បានផ្តល់សេវាជូនប្រជាពលរដ្ឋសរុបចំនួន ៤៤.៧៥៥សេវា និងតាមការិយាល័យច្រកចេញចូលតែមួយក្រុង-ស្រុក ចំនួន ១៤.២៨០សេវា និងងយន្តការច្រកចេញចូលតែមួយរដ្ឋបាលឃុំ- សង្កាត់ ចំនួន ១៩៥.៨០៧សេវា។ ទី៤. ការដោះស្រាយសំណើ សំណូមពរ របស់ប្រជាពលរដ្ឋដោយមានអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការខិតខំប្រឹងប្រែងដោះស្រាយបានល្អ។ គ្រប់ និងរាល់សំណើ សំណូមពរ ក្តីកង្វល់របស់ប្រជាពលរដ្ឋ រួមនឹងបញ្ហាប្រឈមនានាយើងត្រូវរួមគ្នាដោះស្រាយ និងបន្តដោះស្រាយតាមរយៈសំណើរទៅថ្នាក់ជាតិ និងសិក្សាដាក់បញ្ចូលក្នុងផែនការប្រចាំឆ្នាំ របស់ក្រសួងពាក់ព័ន្ធ ជាក់ស្តែង សំណើ សំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋដែលទទួលបាន។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់បន្ថែមថា សម្រាប់២០២៥នេះ រដ្ឋបាលខេត្ត រួមនឹងរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ដាក់គោលដៅអាទិភាពដែលបានដាក់ចេញក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងការឈានទៅសម្រេចឱ្យបានដោយជោគជ័យក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងចក្ខុវិស័យរបស់ខេត្ត ក្នុងកំណើនសេដ្ឋកិច្ច ២៤៨២ដុល្លារ ក្នុងឆ្នាំ២០២៥។ បន្តពង្រឹងការអនុវត្តសេវាសង្គមនៅរដ្ឋបាលឃុំ-សង្កាត់ ដើម្បីជំរុញ លើកទឹកចិត្តដល់រដ្ឋបាលឃុំ-សង្កាត់ និងសម្រួចឆន្ទៈ អ្នកអនុវត្តឱ្យចូលរួមបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព។ ជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” សំដៅកសាង និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការដោះ ស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ និងពង្រឹងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដើម្បីសម្រេចបានជោគជ័យនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ បន្តខិតខំរួមគ្នាដោះស្រាយសំណើសំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋ ប្រកបដោយភាពរលូន តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពសំដៅចូលរួមការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ប្រកបដោយប្រសិទ្ធភាពឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០៕

ដោយ ឆាយ ម៉ុត





