សិក្ខាសាលាស្តីពីបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) សម្រាប់វិទ្យាស្ថានអប់រំកាយ និងកីឡា
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥--
ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស បានរៀបចំសិក្ខាសាលាស្តីពីបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ជូនដល់គណៈគ្រប់គ្រង បុគ្គលិកអប់រំ នៃវិទ្យាស្ថានអប់រំកាយ និងកីឡា ក្នុងគោលបំណងដើម្បីចងក្រងសៀវភៅណែនាំការប្រើប្រាស់ ICT យ៉ាងទូលំទូលាយសមា្រប់វិទ្យាស្ថានអប់រំកាយ និងកីឡា ដែលជាការជ្រោមជ្រែងការរួមបញ្ចូលបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាពនៃការបង្រៀន ការរៀន និងការគ្រប់គ្រង។ សិក្ខាសាលានេះធ្វើឡើងពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន២៧នាក់ ស្រី០៦នាក់។

ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណ និងកោតសរសើរដល់អង្គការក្រៅរដ្ឋាភិបាលបេះដូងមាសសហការជាមួយនាយកដ្ឋានបរិវត្តកម្មឌីជីថល ដែលបានខិតខំប្រឹងប្រែងជួយបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាឱ្យក្លាយជាធនធានប្រកបដោយគុណភាព ស្របនឹងគោលនយោបាយជាតិ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងកំណែទម្រង់ស៊ីជម្រៅការងារអប់រំកាយ និងកីឡា ជាពិសេសចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្សឱ្យក្លាយជាសរសរទ្រូងអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។

បើតាមលោកស្រី កែវ មនោរម្យ នាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បានឱ្យដឹងថា កន្លងមកវិទ្យាស្ថានបានរៀបចំសិក្ខាសាលា ដើម្បីបង្ហាញណែនាំពីទិដ្ឋភាពទូទៅនៃតួនាទីរបស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ក្នុងការបង្រៀន ការរៀន ការគ្រប់គ្រង និងការកំណត់វិសាលភាពពីតំបន់សំខាន់ៗសម្រាប់ការរួមបញ្ចូល (ICT) បង្ហាញអំពីហេដ្ឋារចនាសម្ព័ន្ធ និងធនធានដើម្បីកំណត់អត្តសញ្ញាណសំខាន់ៗ សេចក្តីព្រៀងសៀវភៅណែនាំសុវត្ថិភាពឌីជីថល ដើម្បីការអភិវឌ្ឍសៀវភៅសម្រាប់ការពារទិន្នន័យ សុវត្ថិភាពអ៊ីនធឺណិតតំណភ្ជាប់ជាដើម។

ដោយឡែកលោក សុក ថា ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថល បានថ្លែងអំណរគុណដល់អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ដែលបានជួយគាំទ្រទាំងធនធានថវិកា និងសម្ភារសម្រាប់បម្រើដល់ការប្រើប្រាស់ ICT ក្នុងវិទ្យាស្ថាន ដោយបានគូសបញ្ជាក់ថា បច្ចុប្បន្នដោយសារបច្ចេកវិទ្យា ICT មានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសការសម្រួលដល់ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យអប់រំកាយ និងកីឡា៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





