ឯកឧត្ដម នេត្រ ភក្រ្ដា៖ ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋ គឺជាការផ្តល់នូវសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី ធ្វើឱ្យម្ចាស់ដីស្របច្បាប់មានសន្តិភាពផ្លូវចិត្ត និងទប់ស្កាត់ការបង្កជម្លោះដីធ្លី
AKP ភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥--ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះបានគូសបញ្ជាក់ថា ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់បងប្អូនពលរដ្ឋ គឺជាការផ្តល់នូវសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី ធ្វើឱ្យម្ចាស់ដីស្របច្បាប់មានសន្តិភាពផ្លូវចិត្ត និងទប់ស្កាត់ការបង្កជម្លោះរឿងដីធ្លី។ការគូសបញ្ជាក់របស់ឯកឧត្ដមបែបនេះ ក្នុងឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុចំនួន ១ ៣១៤ បណ្ណ ស្ថិតនៅភូមិព្រែកព្រលូង និងភូមិព្រែករកា ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ នៅបរិវេណវត្តសោភណារាមសោបលើ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ។

ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានបន្តអនុវត្តន៍នូវកិច្ចការងារប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុស្របច្បាប់ដើម្បីធ្វើឱ្យពលរដ្ឋមានសន្តិភាពផ្លូវចិត្ត មានសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី និងទប់ស្កាត់ កាត់បន្ថយជម្លោះដីធ្លី។ ឯកឧត្ដមបានលើកឡើងថា អនុវត្តន៍តាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញផែនការវាស់វែងចុះបញ្ជីដីធ្លីទូទាំងប្រទេស លើក្បាលដីនៅសល់ប្រមាណ ៥ លានក្បាលដី ក្នុងនោះខេត្តក្រចេះ ក៏បានដាក់ចេញនូវផែនការបញ្ចប់ការវាស់វែងក្នុងដំណាច់ឆ្នាំ២០២៥ នេះ លើក្បាលដីក្នុងខេត្តមានប្រមាណ ១១៨ ០០០ ក្បាលដី ក្នុងភូមិចំនួន ២៥៥ ភូមិ នៃឃុំចំនួន ៣៨ឃុំ នៃខេត្តក្រចេះ ។

ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះបានថ្លែងនូវអំណរគុណចំពោះមន្ត្រីនៃមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្តក្រចេះ រួមទាំងក្រុមការងារស្ម័គ្រចិត្តទាំងអស់ដែលបានចូលរួមសហការគ្នាក្នុងការចូលរួមទៅលើការពន្លឿនការចុះបញ្ជីដីធ្លីនៅក្នុងខេត្តក្រចេះ ដើម្បីផ្តល់លទ្ធភាពឱ្យមន្ទីរ សូរិយោដី មានទិន្នន័យគ្រប់គ្រាន់សម្រាប់ចេញក្បាលដី ប្លង់ដីទៅឱ្យប្រជាពលរដ្ឋបានត្រឹមត្រូវ ។

តាមរបាយការណ៍របស់ លោក អ៊ូ សុបុណ្ណាកា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះបានឱ្យដឹងថា ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្នុងខេត្តក្រចេះ រហូតដល់ខែមករា ឆ្នាំ២០២៥ នេះ បានសម្រេចប្រកាសតំបន់វិនិច្ឆ័យបានចំនួន ២៧៧ ភូមិ ស្មើនឹង ៤៥ ឃុំ សង្កាត់ ៧ ក្រុង ស្រុក និងបានចេញបណ្ណកម្មសិទ្ធិរួចចំនួន ៨៤ ៨២២ ក្បាលដី ក្នុងនោះតាមបទបញ្ជាលេខ០១ បប ចំនួន ៣៩ ៣០៤ ក្បាលដី និងតាមកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីចំនួន ៤៥ ៥១៨ ក្បាលដី។ លោកប្រធានមន្ទីរបានបន្ថែមថា បន្ទាប់ពីទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យត្រឹមត្រូវ ស្របតាមច្បាប់ពីអាជ្ញាធររខេត្ត នាឱកាសនេះ បងប្អូនប្រជាពលរដ្ឋ បានសម្ដែងនូវការសប្បាយរីករាយ ដោយបានក្លាយជាម្ចាស់ពិតប្រាកដលើដីរបស់ខ្លួន ដើម្បីជាឧត្តមប្រយោជន៍ក្នុងការប្រើប្រាស់អាស្រ័យផល និងការប្រចាំថ្ងៃ ៕



ដោយ៖ រិទ្ធី, រូបថត៖ ខឹម សុវណ្ណារ៉ា





