លោកឧត្តមសេនីយ៍ ចូសេប អេអួន ស្បថចូលកាន់តំណែងជាប្រធានាធិបតីទី១៤ របស់ប្រទេសលីបង់
AKP ភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ -- លោកឧត្តមសេនីយ៍ ចូសេប អេអួន (Joseph Aoun) បានស្បថចូលកាន់តំណែងនៅចំពោះមុខសមាជិកសភានៃសាធារណរដ្ឋលីបង់ក្នុងនាមជាប្រមុខរដ្ឋថ្មី ដោយលោកបានក្លាយជាប្រធានាធិបតីទី១៤ របស់ប្រទេសលីបង់ ចាប់តាំងពីរដ្ឋនេះទទួលបានឯករាជ្យនៅក្នុងឆ្នាំ១៩៤៣។
នៅក្នុងសុន្ទរកថាដំបូងរបស់លោក អេអួន បានសង្កត់ធ្ងន់ថា ប្រទេសកំពុងឆ្លងកាត់វិបត្តិធ្ងន់ធ្ងរ ហើយទាមទារឱ្យមានការផ្លាស់ប្តូររបៀបគ្រប់គ្រងដើម្បីចេញពីវិបត្តិនេះ។ លោកបាននិយាយបន្ថែមថា «រួមជាមួយរដ្ឋាភិបាលនាពេលអនាគត យើងនឹងតាក់តែងច្បាប់មួយដែលនឹងធានាឯករាជ្យភាពនៃប្រព័ន្ធតុលាការ»។
លោកប្រធានាធិបតីបានសន្យាថានឹងបង្កើតគោលលទ្ធិការពារជាតិលីបង់ថ្មី ដែលនឹងការពារប្រទេសពីការឈ្លានពានរបស់អ៊ីស្រាអែល៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





