កម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥--
នៅនិវេសនដ្ឋានស្ថានទូតចិនប្រចាំកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូអាជ្ញាធរមីន ចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលនឹងចូលមកដល់នាពេលខាងមុខ ដោយជំនួបនេះបានប្រព្រឹត្ដទៅនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥។

ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអបអរសាទរជូនចំពោះ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា និងបុគ្គលិកស្ថានទូតចិនទាំងអស់ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំម្សាញ់ និងបានជូនពរឱ្យឯកអគ្គរដ្ឋទូត និងបុគ្គលិកស្ថានទូតទាំងអស់ ទទួលបានជោគជ័យគ្រប់ភារកិច្ច ជាពិសេសក្នុងការបំពេញបេសកកម្មការទូតដ៏ថ្លៃថ្លានៅព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើននូវចំណងមិត្តភាពរវាងកម្ពុជា-ចិន ឱ្យកាន់តែមានភាពរឹងមាំល្អប្រសើរ និងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។

តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបាន និងកំពុងផ្តល់នូវការគាំទ្រទាំងថវិកា សម្ភារ និងវគ្គបណ្តុះបណ្តាលដល់មន្រ្តីបុគ្គលិកសកម្មភាពមីន ចាប់តាំងពីឆ្នាំ២០១៥ និងបានបញ្ជាក់ថា មិត្ដចិនបានចូលរួមចំណែកលើគ្រប់វិស័យ ពិសេស សកម្មភាពមីន ពិតជាបានឆ្លើយតបនឹងតម្រូវការជាអាទិភាពរបស់ប្រជាជន នៅតាមមូលដ្ឋាន និងកាត់បន្ថយគ្រោះថ្នាក់ ព្រមទាំងបានស្នើសុំឱ្យប្រទេសចិនបន្តការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម Wang Wenbin បានថ្លែងអំណរគុណចំពោះ ឯកឧត្តមបណ្ឌិត លី ធុជ និងគណៈប្រតិភូអាជ្ញាធរមីន ដែលចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលនេះបានបង្ហាញឱ្យឃើញពីទំនាក់ទំនងកាន់តែជិតស្និទ និងកាន់តែល្អប្រសើររវាងកម្ពុជា-ចិន ជាមិត្តដែកថែប និងជាបងប្អូនល្អ។ ជាការឆ្លើយតប ឯកឧត្តម Wang Wenbin បានសម្តែងការអបអរសាទរចំពោះសមិទ្ធផលសម្រេចបានសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា និងបានគូសបញ្ជាក់ពីការបន្តគាំទ្ររបស់រដ្ឋាភិបាលចិន ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ផងដែរ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងអំឡុងពេលដែលឯកឧត្តមចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេះ បានឃើញអំពីការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ក្នុងសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា តាមរយៈអាជ្ញាធរមីន។ ឯកឧត្តមនឹងបន្តជំរុញផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត និងកាន់តែស៊ីជម្រៅរវាងអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ក្នុងចូលរួមសកម្មភាពមីនមនុស្សធម៌ ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕
ដោយ សួស សំរិត





