ប្រជាពលរដ្ឋមានជីវភាពខ្វះខាត មានពិការភាពដោយសារជំងឺរ៉ាំរៃ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥--
សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលមានឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្ត នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ ២០២៥ នេះ បានចាត់តំណាងក្រុមការងារសាខា ដឹកនាំដោយ ឯកឧត្តម ងី សែត អនុប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ផេង សិទ្ធី សមាជិកគណៈកម្មាធិការសាខា រួមជាមួយអនុសាខាស្រុកភ្នំព្រឹក ព្រមទាំងសហការី អញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត មានពិការភាពដោយសារជំងឺរ៉ាំរៃចំនួន៣គ្រួសាររស់នៅភូមិ អូរជ្រៃ និងភូមិចក្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក។

មានមតិសំណេះសំណាលនាឱកាសនោះ ក្រុមការងារសាខាបានពាំនាំនូវប្រសាសន៍របស់ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកដោយមិនប្រកាន់ពីនិន្នាការណាមួយឡើយ។

ជាមួយគ្នានេះដែរ ក្រុមការងារបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមយកចិត្តទុកដាក់ថែទាំសុខភាព រក្សាអនាម័យ ឱ្យបានល្អ ជាពិសេសក្មួយៗស្ត្រីក្នុងវ័យបន្តពូជ ស្ត្រីទើបសម្រាលកូន ស្ត្រីមានផ្ទៃពោះ ត្រូវបរិភោគ ឱ្យបានត្រឹមត្រូវ ផឹកស្អាត ហូបស្អាត រស់នៅស្អាត និងចូលរួមថែរក្សាបរិស្ថាន និងជីវចម្រុះនៅទីនេះឱ្យបានគង់វង្ស។ ត្រូវចេះស្រឡាញ់គ្នា សាមគ្គីគ្នា និងជួយយកអាសារគ្នាទៅវិញទៅមកក្នុងនាមខ្មែរតែមួយ និងសូមប្រុងប្រយ័ត្នក្មេងលង់ទឹក សត្វអាសិរពិសផ្សេងៗ និងត្រៀមបង្ការពីផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។

សូមជម្រាបជូនថា អំណោយដែលបានចែកជូនក្នុងមួយគ្រួសារទទួលបានរទេះរុញ១ អង្ករ៥០គីឡូក្រាម មី២កេស ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ ត្រីខ២យួរ ទឹកសុទ្ធ២កេស ឃីត១កញ្ចប់ ថវិកា ចំនួន ២០ម៉ឺនរៀលផងដែរ ។
ដោយ ៖ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





