ទីក្រុងស្អាត សំរាមតាមដងផ្លូវទីសាធារណៈលែងមាន ហើយការដោះស្រាយវិវាទដីធ្លីនៅរាជធានី ត្រូវបានដោះស្រាយយ៉ាងល្អ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ -- ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់ថា ទីក្រុងស្អាតសំរាមតាមដងផ្លូវទីសាធារណៈលែងមាន ហើយ ការដោះស្រាយវិវាទដីធ្លីនៅរាជធានី ត្រូវបានដោះស្រាយយ៉ាងល្អ។ ឯកឧត្ដមប្រធានក្រុមប្រឹក្សាបានបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានី តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ឯកឧត្ដម ម៉ប់ សារិន បានសម្តែងការកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព និងបរិស្ថានបានល្អប្រសើរក្នុងព្រឹត្តិការណ៍នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ព្រឹត្តិការណ៍សាទរកម្ពុជា និងព្រឹត្តិការណ៍អបអរសាទរបុណ្យឆ្លងឆ្នាំសកល ២០២៥ កន្លងមកនេះ។

ឯកឧត្ដមបានលើកឡើងថា សមាជិកក្រុមប្រឹក្សាបានកោតសរសើររដ្ឋបាលរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៤ ក្រោយពិធីបុណ្យធំៗចប់យើងឃើញថា ទីក្រុងស្អាតមានបរិស្ថានល្អលែងមានសំរាមតាមផ្លូវ និងទីសាធារណៈទៀតហើយ។ ការដោះស្រាយវិវាទដីធ្លី រដ្ឋបាលរាជធានី ក៏បានអនុវត្តបានល្អ។ ចំណែកការផ្តល់សេវាតាមច្រកចេញ ចូលតែមួយវិញក៏បានអនុវត្តបានល្អប្រសើរផងដែរ ដែលបានបង្ហាញពីជំនឿទុកចិត្តពីប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរ។

ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានី បានមានប្រសាសន៍ថា ការកោតសរសើររបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញលើការងាររបស់អាជ្ញាធររាជធានីភ្នំពេញ នេះគឺជាជាការលើកទឹកចិត្ត ដូចជាផ្ដល់កម្លាំងចិត្តឱ្យមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបាន បំពេញការងារកាន់តែល្អបន្តទៀត។ ការងារចំពោះមុខនេះ ថ្នាក់ជាតិនឹងទម្លាក់ការងារចំនួន២ទៀត មកឱ្យរដ្ឋបាលរាជធានីភ្នំពេញបានបំពេញការងារជូនប្រជាពលរដ្ឋឱ្យកាន់តែល្អបន្តទៀត នោះគឺ ការផ្តល់សេវាសាធារណៈតាមប្រព័ន្ធអនឡាញ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

ឯកឧត្ដម កើត ឆែ បានបញ្ជាក់ថា នៅពេលដ៏ខ្លីខាងមុខនេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក.) នឹងចុះMOU ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ហើយក្រោយចុះMOUជាមួយគ្នាហើយ រាល់កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទដែលធ្វើឡើងដោយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានសម្រេចតែងតាំងមន្ត្រីរាជការចំនួន០២រូបក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញផងដែរ ក្នុងនោះ លោក សាំង សុភៈវិចិត្រ ឋានន្តរស័ក្តិ ឧត្តមមន្រ្តី ថ្នាក់លេខ៤ អតីតអភិបាលរងខណ្ឌសែនសុខ ត្រូវបានតែងតាំងឱ្យកាន់មុខតំណែងជានាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ និងលោក ព្រំ បញ្ញា ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ៣ ឱ្យកាន់មុខតំណែងជានាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្ស៕
ដោយ សួស សំរិត





