សម្តេចក្រឡាហោម ស ខេង និងលោកជំទាវផ្តល់អំណោយជូនមណ្ឌលកុមារកំព្រាបាត់ដំបងទី១ និងទី២
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥-- សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង កាលពីរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ បានចាត់ក្រុមក្រឡាហោមមនុស្សធម៌ ដឹកនាំដោយឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាំយកអំណោយរបស់សម្តេច និងលោកជំទាវទៅផ្តល់ជូនមណ្ឌលកុមារកំព្រាបាត់ដំបងទី១ និងទី២ ដែលមានកុមារកំព្រាសរុបចំនួន១២១នាក់ និងបុគ្គលិកសរុបចំនួន១៥៩នាក់ អំណោយរួមមាន អង្ករចំនួន៥០ការ៉ុង មី២៤កេស ត្រីខ៤០យួរ ទឹកស៊ីអ៊ីវទឹកត្រី៤០យួរ ទឹកសុទ្ធ៤០យួរ កន្សែងពោះគោ១៦០ នំភីហ្សា១៦០ និងថវិកា២លានរៀល។

ក្នុងឱកាសនោះ ឯកឧត្តម ខាន់ ម៉ាណេរ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវជូនចំពោះកុមារកំព្រា និងម៉ែដោះ ក្នុងនោះសម្តេចក្រឡាហោម និងលោកជំទាវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ បានផ្តាំផ្ញើឱ្យកុមារកំព្រាទាំងអស់ខិតខំរៀនសូត្រដើម្បីអនាគតភ្លឺស្វាង ចៀសឱ្យផុតពីគ្រឿងញៀន និងសូមឱ្យម៉ែដោះ និងនាយិកាមណ្ឌលកុមារកំព្រាទាំង២ បន្តយកចិត្តទុកដាក់ថែទាំអប់រំកុមារឱ្យបានល្អ ដោយសម្តេចក្រឡាហោម និងឯកឧត្តមអភិសន្តិបណ្ឌិតសន្យាថានឹងបន្តយកចិត្តទុកដាក់គិតគូរពីការរស់នៅរៀនសូត្ររបស់កុមារទាំងអស់ ដោយមិនទុកឱ្យពួកគេឯកាឡើយ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ហ្វេសប៊ុកសម្តេចក្រឡាហោម)





