ក្រុមឧទ្ទាមហ៊ុធីអះអាងចំពោះការវាយប្រហារលើកទី១ ទៅលើរោងចក្រថាមពលនៅភាគខាងជើងអ៊ីស្រាអែល
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ -- ក្រុមចលនាយេម៉ែនអាន់សារ អាឡា (Ansar Allah) ដែលគេស្គាល់ថាជាក្រុមឧទ្ទាមហ៊ូធី បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានធ្វើការវាយប្រហារដោយគ្រាប់មីស៊ីលជាលើកដំបូងរបស់ខ្លួនទៅលើរោងចក្រថាមពលអូរ៉ូត រ៉ាប៊ីន (Orot Rabin) នៅក្បែរទីក្រុងហៃហ្វា នៅភាគខាងជើងប្រទេសអ៊ីស្រាអែល។
ក្រុមឧទ្ទាមហ៊ូធីធ្លាប់បានប៉ុនប៉ងកំណត់គោលដៅលើរោងចក្រថាមពលនៅជិតទីក្រុងតេលអាវីវ និងទីក្រុងយេរូសាឡឹមម្តងរួចមកហើយ បន្ទាប់ពីអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើរោងចក្រថាមពលមួយនៅក្នុងរដ្ឋធានីសាណាអា និងទីក្រុងអាល់ហ៊ូដេយដាភាគខាងលិចរបស់ប្រទេសយេម៉ែន។
អ្នកនាំពាក្យយោធាក្រុមហ៊ូធី Houthi លោក យ៉ាយ៉ា សារីយ៉ា (Yahya Saria) បានប្រាប់ទូរទស្សន៍យេម៉ែនថា «កងកម្លាំងប្រដាប់អាវុធយេម៉ែនបានវាយប្រហាររោងចក្រថាមពលអូរ៉ូត រ៉ាប៊ីន នៅភាគខាងត្បូងទីក្រុងទីក្រុងហៃហ្វាក្នុងតំបន់កាន់កាប់របស់ប៉ាឡេស្ទីន ដោយប្រើគ្រាប់មីស៊ីលផ្លោងលឿនជាងសំឡេង Palestine-2 ដែលបានបាញ់ដល់គោលដៅដោយជោគជ័យ»។
អ្នកនាំពាក្យរូបនោះបាននិយាយបន្ថែមថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងដើម្បីគាំទ្រដល់តំបន់ហ្គាហ្សាស្ទ្រីប ហើយបាននិយាយថាសមត្ថភាពយោធារបស់ពួកគេកំពុងមានការវិវឌ្ឍន៍ឥតឈប់ឈរ។
កាលពីខែធ្នូ មេដឹកនាំក្រុមចលនាអាន់សា អាឡា បានប្រកាសថាចលនានេះបានប្រើប្រាស់គ្រាប់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកចំនួន១.១៤៧គ្រឿង ដើម្បីវាយប្រហារអ៊ីស្រាអែល ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣មក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





