រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈលើកឡើងថា អ្នកភូមិរកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រេកអរទទួលបាន «ស្លាកលេខផ្ទះ-ផ្លូវ ក្រោមម្លប់សន្តិភាព»
AKP កំពង់ស្ពឺ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាលអ្នកភូមិរកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រេកអរទទួលបាន «ស្លាកលេខផ្ទះ-ផ្លូវ ក្រោមម្លប់សន្តិភាព»។ ការលើកឡើងបែបនេះក្នុងពិធីសម្ពោធសមិទ្ធផលការងារសង្គមលើគម្រោងភូមិគំរូ«ស្លាកលេខផ្ទះ-ផ្លូវ ក្រោមម្លប់សន្តិភាព» ស្ថិតនៅភូមិរកាធំ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់គណៈគ្រប់គ្រង និងមន្រ្តីរាជការនៃសាលាភូមិន្ទរដ្ឋបាល អភិបាលក្រុងច្បារមន ព្រមទាំងសហការី ចៅសង្កាត់កម្មសិក្សាការី និងប្រជាពលរដ្ឋ។

លោកស្រី ឡា បុប្ផា តំណាងកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីមធ្យមថ្នាក់នវានុវត្តន៍ទាំងអស់បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ថ្នាក់ដែលបានផ្ដល់ឱកាសឱ្យកម្មសិក្សាការីទទួលបានចំណេះដឹងថ្មីៗពីកិច្ចការងារសង្គមផ្ទាល់ ដែលបានបង្ហាញឱ្យឃើញពីឆន្ទៈរួម ស្មារតីសាមគ្គីភាព និងភាតរភាព តាមរយ:ការចំណាយទាំងថវិកាផ្ទាល់ខ្លួន កម្លាំងកាយ បញ្ញាស្មារតី ផលិត និងបំពាក់ស្លាកលេខផ្ទះប្រជាពលរដ្ឋចំនួន២៦១ខ្នងផ្ទះ ដាំបង្គោលលេខផ្លូវចំនួន៥បង្គោល (១០សន្លឹក)។ លោកស្រីបានបញ្ជាក់ថា កម្មសិក្សាការីថ្នាក់នវានុវត្តន៍ក៏បានចូលរួមឧបត្ថម្ភបន្ថែមនូវកុំព្យូទ័រយួរដៃចំនួន១គ្រឿង និងម៉ាស៊ីនព្រីនធឺរ(ពណ៌)ជូនដល់រដ្ឋបាលសាលាសង្កាត់រការធំដើម្បីប្រើប្រាស់សម្រាប់បម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម យក់ ប៊ុនណារដ្ឋលេខាធិការប្រចាំការ បានថ្លែងដោយកោតសរសើរវាយតម្លៃខ្ពស់លើគម្រោងភូមិគំរូ «ស្លាកលេខផ្ទះ -ផ្លូវក្រោមម្លប់សន្តិភាព» នេះមិនត្រឹមតែបម្រើជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងអាជ្ញាធរនោះទេ ប៉ុន្តែបានរួមចំណែកធ្វើឱ្យសម្រេចបាននូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្តន៍។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កិច្ចខិតខំរបស់កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីមធ្យម ថ្នាក់នវានុវត្តន៍ និងអាជ្ញាធរមូលដ្ឋានដែលបានសហកាគាំទ្រយ៉ាងពេញទំហឹងក្នុងការអនុវត្តគម្រោងការងារសង្គមនេះរហូតសម្រេចបានជោគជ័យទទួលបានការសាទរត្រេកអរពីអ្នកភូមិរកាធំទាំងមូល៕

ដោយ៖ រិទ្ធី





