ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមវិស្វករ និងត្រូតពិនិត្យការដ្ឋានស្ថាបនាផ្លូវលំក្រាលគ្រួសក្រហម១ខ្សែនៅស្រុកសណ្ដាន់
AKP កំពង់ធំ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥--
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការទឹករងកំពង់ធំ បានអមដំណើរឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមវិស្វករ និងត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលគ្រួសក្រហម១ខ្សែប្រវែងជាង២១គីឡូម៉ែត្រ ពីទីរួមស្រុកឆ្ពោះទៅកាន់ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក សំ លាងទ្រី ប្រធានក្រុមវិស្វករស្ថាបនាផ្លូវរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់បានរាយការណ៍បញ្ជាក់ថា អស់រយៈពេលជាង២០ ថ្ងៃ ក្រោយពីការបើកការដ្ឋានស្ថាបនានៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ដែលបច្ចុប្បន្ននេះក្រុមវិស្វកម្មរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានឈូសឆាយពង្រាបផ្លូវសម្រួលដល់ការធ្វើដំណើរបានរួចរាល់ លើប្រវែងកំណត់ផ្លូវជាង២១គីឡូម៉ែត្រហើយបានចាក់ដីក្រាលគ្រួសក្រហម និងកិនបង្ហាប់តាមលក្ខណៈស្តង់ដារបច្ចេកទេសបានប្រវែង៨គីឡូម៉ែត្ររួចហើយ និងត្រៀមដាក់លូប្រអប់០១កន្លែងនិងលើកកម្ពស់ផ្លូវដែលត្រូវជនលិចក្នុងរដូវវស្សាកម្ពស់១,៨០ម៉ែត្រ មានប្រវែង១៨០ម៉ែត្រ។ ចំពោះកំណត់ផ្លូវប្រវែង២១២៥០ម៉ែត្រនេះ និងស្ថាបនាឱ្យហើយបានរួចរាល់នៅមុនដំណាច់ខែមករា ឆ្នាំ២០២៥ខាងមុខនេះ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានកោតសរសើរចំពោះក្រុមវិស្វកម្មដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មក្នុងការបម្រើជូនប្រជាជននៅក្នុងមូលដ្ឋានស្រុកសណ្ដាន់ដើម្បីបានធ្វើដំណើរមានភាពងាយស្រួល និងបានណែនាំដល់ក្រុមវិស្វកម្មទាំងអស់ត្រូវខិតខំប្រឹងប្រែងស្ថាបនាផ្លូវស្របតាមលក្ខណៈបច្ចេកទេសប្រកបដោយគុណភាព និងឱ្យបានរួចរាល់ឆាប់រហ័សដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាជនក្នុងការដឹកជញ្ជូនសមិទ្ធផលនានារបស់ពួកគាត់បានទាន់ពេលវេលា និងបានថ្លែងអំណរគុណចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដែលបានផ្ដល់ផ្លូវលំក្រាលគ្រួសក្រហម១ខ្សែនេះដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាជននៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានឧបត្ថម្ភជូននូវស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងថវិកាក្នុងម្នាក់ៗចំនួន១០០ដុល្លារសហរដ្ឋអាមេរិកជូនដល់ក្រុមវិស្វកម្ម ចំនួន២០នាក់ដែលកំពុងតែស្ថាបនាផ្លូវនេះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី និងលោកជំទាវ ដើម្បីប្រើប្រាស់តាមតម្រូវការជាក់ស្តែងផងដែរ៕

ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





