ការប្រកួតកីឡាហែលទឹកដណ្តើមពានរង្វាន់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដើម្បី អបអរសាទរទិវាជ័យជម្នះ ៧ មករា
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥--
ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧ មករា ការប្រកួតកីឡាហែលទឹកដណ្តើមពានរង្វាន់ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានរៀបចំធ្វើឡើងកាលពីរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ នៅសាលារៀនម៉ារីវែលអន្តរជាតិភ្នំពេញ ដោយការប្រកួតនេះបានបើកទទួលចុះឈ្មោះដោយសេរី ដែលបែងចែកជា២ក្រុម គឺក្រុមទី១មានអាយុចន្លោះ១៨ទៅ៣៥ឆ្នាំ និងក្រុមទី២មានអាយុចាប់ពី៣៦ឆ្នាំឡើង។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រកួតនេះឡើងគឺដើម្បីចូលរួមចំណែកផ្សព្វផ្សាយ និងលើកកម្ពស់ពីសារៈសំខាន់នៃកីឡាដល់ប្រជាជនគ្រប់រូបឱ្យចូលរួមស្រឡាញ់ ចូលចិត្ត គាំទ្រ និងលេងកីឡា ដើម្បីទទួលបានសុខភាពល្អ សាមគ្គីភាព សុខុដុមនីយកម្មក្នុងសង្គម ដោយបានគូសបញ្ជាក់ថា កីឡាគឺមានសារៈសំខាន់ខ្លាំងនៅក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាជនគ្រប់រូបក្នុងការជួយកាត់បន្ថយសម្ពាធ ក៏ដូចជាមានលំនឹងរវាងការរស់នៅ និងការសម្រាក ជាពិសេសចំពោះកីឡាហែលទឹកនេះផ្ទាល់ ដែលនឹងជួយឱ្យយើងមានសុខភាពមាំមួន ប្រាជ្ញាឈ្លាសវៃ ឈានទៅសម្រេចបានភាពជោគជ័យទាំងក្នុងការងារ និងការសិក្សា ក៏ដូចជាអាចជួយខ្លួនឯង និងអ្នកដទៃបាននៅពេលជួបប្រទះបញ្ហាផ្សេងៗ ដូចជាការលង់ទឹកជាដើម។

ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀបចំការប្រកួតនេះឡើង ព្រមទាំងបានលើកទឹកចិត្តឱ្យរៀបចំការប្រកួតបន្ថែមទៀត ដើម្បីលើកកម្ពស់វិស័យកីឡា និងសុខុមាលភាព ចូលរួមចំណែកជំរុញសាធារណជនឱ្យស្រឡាញ់កីឡា ជាពិសេសជំរុញចលនារបស់រាជរដ្ឋាភិបាល "យុវជនម្នាក់ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត"៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





