ក្រុមប្រឹក្សាខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៤
AKP ព្រះសីហនុ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥--
ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក ឯម ភាព អភិបាលរងខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥។

កិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុអាណត្តិទី៤ មានរបៀបវារៈចំនួន០៨ យកមកពិនិត្យ និងពិភាក្សារួមមាន៖ ១. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤។ ២. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤។ ៣. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២៤ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤)។ ៤. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះសីហនុ។ ៥. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពនិងផែនការថវិកាប្រចាំឆ្នាំ២០២៥ របស់គណៈកម្មា ធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត។ ៦. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ឆ្នាំ២០២៤។ ៧. ស្តាប់របាយការណ៍របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត គណៈកម្មាធិការលទ្ធកម្មខេត្ត គណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មខេត្ត ការិយាល័យប្រជាពលរដ្ឋខេត្ត និង៨.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការសាលាខេត្តព្រះសីហនុ ប្រចាំខែធ្នូ ឆ្នាំ២០២៤។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្តរួចមក ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានធ្វើការបូកសរុបវាយតម្លៃចំពោះការខិតខំប្រឹងប្រែងបំពេញការងារតាមតួនាទី ភារកិច្ចរបស់ក្រុង ស្រុក មន្ទីរ អង្គភាព ក្នុងការចូលរួមចំណែកថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តព្រះសីហនុ ពិសេសការការពារសន្តិសុខសុវត្ថិភាព ក្នុងឪកាសពិធីបុណ្យឆ្លងឆ្នាំសកលនាពេលកន្លងមកនេះ ទទួលបានលទ្ធផលល្អ ដែលមានភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្តនៅខេត្តព្រះសីហនុជិត៤០ម៉ឺននាក់។

ឯកឧត្តមប្រធានបានបញ្ជាក់ថា ទោះបីការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានល្អ យើងត្រូវតែបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ជាពិសេសការបង្ការ បង្ក្រាបក្រុមក្មេងទំនើង គ្រឿងញៀន លួច ឆក់នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ព្រោះខេត្តព្រះសីហនុ ជាខេត្តតំបន់ឆ្នេរនាទិសនារតី នៃព្រះរាជាណាចក្រកម្ពុជា មានការអភិវឌ្ឍរីកចម្រើនលើវិស័យទេសចរណ៍ វិនិយោគ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបានផុលផុស ទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ពិសេសបន្ថែមទៀតនោះ គឺការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងពិធីបុណ្យចូលឆ្នាំចិន វៀតណាមខាងមុខ៕
ដោយ ងូ សុមុនី





