ឯកឧត្តម គីម រិទ្ធី អញ្ជើញបិទវគ្គហ្វឹកហ្វឺនម្ចាស់ការនៅនឹងកន្លែង ក្បាច់គុននៃកងយោធពលខេមរភូមិន្ទរបស់តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ
AKP ព្រះវិហារ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥-- នៅទីបញ្ជាការវរសេនាតូចលេខ១ មានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនម្ចាស់ការនៅនឹងកន្លែង ក្បាច់គុន នៃកងយោធពលខេមរភូមិន្ទរបស់តំបន់ប្រតិបត្តិការសឹករងព្រះវិហារ ចំណុះយោធភូមិភាគទី៤ ក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការកងកម្លាំងទាំងបី មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរងខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ នាយរងសេនាធិការ គណៈកម្មការ យោធាចារ្យ កម្មសិក្សាការី នាយទាហាន នាយទាហានរង និងពលទាហាន ជាច្រើនរូបទៀត។

ឯកឧត្តម គីម រិទ្ធី បានមានប្រសាសន៍ពាំនាំប្រសាសន៍ផ្តាំផ្គើសាកសួរសុខទុក្ខពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលជាថ្នាក់ដឹកនាំប្រទេសជាតិ រក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងបានដាក់ចេញនូវចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងវឌ្ឍនភាពការងារ និងសមិទ្ធផលធំៗជាច្រើន ដែលតំបន់ប្រតិបត្តិការសឹករងព្រះវិហារសម្រេចបាន លើការអភិវឌ្ឍវិស័យការពារជាតិ ការងារសន្តិសុខយោធា ការថែរក្សាសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យជាតិ ការងារកសាងសមត្ថភាពកងទ័ព ការអប់រំបណ្តុះបណ្តាល ការហ្វឹកហ្វឺន បំពាក់បំប៉នកម្លាំង ជាពិសេសគឺការចូលរួមសហការ ក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ ធនធានធម្មជាតិ ជលផល បទល្មើសឆ្លងដែន បទល្មើសគ្រឿងញៀន និងបទល្មើសផ្សាងៗទៀតនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

ទន្ទឹមនឹងនេះឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា ក្នុងរយៈពេលនៃការហ្វឹកហ្វឺននេះ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីដ៏មោះមុត និងការខិតខំប្រឹងប្រែងរបស់សិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហ្វឹកហាត់ ទាំងកម្លាំងកាយចិត្ត ដោយស្មារតីទទួលខុសត្រូវ និងបានលះបង់គ្រប់យ៉ាងដើម្បីសម្រេចគោលដៅ នៃវគ្គហ្វឹកហ្វឺន និងសូមកោតសរសើរដល់គណៈគ្រប់គ្រង យោធាចារ្យ គ្រូឧទ្ទេស និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងចំណេះជំនាញ ក្នុងការបង្ហាត់បង្រៀន ដឹកនាំ និងតាមដានសិក្ខាកាមយ៉ាងយកចិត្តទុកដាក់ រហូតដល់វគ្គហ្វឹកហ្វឺនទទួលបានជោគជ័យនាពេលនេះ។

ឯកឧត្តមអភិបាលខេត្ត ក៏បានមានប្រសាសន៍ផ្តាំផ្ញើ និងជំរុញឱ្យនាយទាហាន នាយទាហានរង និងពលទាហាន និងសិក្ខាកាមទាំងអស់អនុវត្តការងារត្រូវមានទស្សនៈស្មោះត្រង់ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងប្រឆាំងដាច់ខាតរាល់ឧបាយកល សង្គ្រាមចិត្តសាស្ត្ររបស់ពួកអមិត្ត ការញុះញង់ បំបែកបំបាក់ផ្ទៃក្នុងជាតិ ត្រូវគោរពវិន័យ និងបទបញ្ជាឱ្យបានម៉ឺងម៉ាត់ និងត្រូវអនុវត្តចំណេះដឹង និងជំនាញដែលទទួលបានពីវគ្គហ្វឹកហ្វឺននេះ ឱ្យបានខ្ជាប់ខ្លួននិងមានប្រសិទ្ធភាព ជាពិសេសត្រូវជៀសវាងដាច់ខាតចំពោះបញ្ហាគ្រឿងញៀន។ ត្រូវបន្តខិតខំរៀនសូត្រ ស្រាវជ្រាវ និងបង្កើនសមត្ថភាពខ្លួនឯងជាប់ជានិច្ច ដើម្បីក្លាយជាកងទ័ពគំរូ ជាកម្លាំដ៍រឹងមាំរបស់ជាតិ។ ត្រៀមលក្ខណៈនានា ទាំងកម្លាំង មធ្យោបាយ និងបច្ចេកទេស ក្នុងការជួយសង្រ្គោះគ្រោះមហន្តរាយនានា ដែលអាចកើតឡើងជាយថាហេតុ ដូចជាខ្យល់កន្ត្រាក់ គ្រោះថ្នាក់អគ្គិភ័យ និងគ្រោះថ្នាក់ផ្សេងៗ៕
ដោយ ទិត ស្រ៊





