ខេត្តកំពង់ចាមរៀបចំការប្រកួតកីឡាមហាជនជ្រើសរើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំ២០២៥ និងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧មករា ១៩៧៩-២០២៥
AKP កំពង់ចាម ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ -- រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នាព្រឹកថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២៥ បានរៀបចំការប្រកួតកីឡាមហាជនជ្រើសរើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំ២០២៥ និងដើម្បីអបអសាទរខួបអនុស្សាវរីយ៍លើកទី៤៦ទិវាជ័យជម្នះ ៧មករា ១៩៧៩-២០២៥ ក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមដោយអស់លោក លោកស្រីជាថ្នាក់ដឹកនាំតាមបណ្ដាលមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំក្រុមកីឡា និងកីឡាករកីឡាការិនីជាច្រើនផងដែរ។

ថ្លែងក្នុងពិធីបើកការប្រកួត ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្តកំពង់ចាមប្រចាំឆ្នាំ២០២៥នេះ ក្នុងគោលបំណងចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា ១៩៧៩-២០២៥” ជាថ្ងៃប្រវត្តិសាស្ត្រនៃការរំដោះប្រជាជនកម្ពុជា ឱ្យរួចចាកផុតពីរបបប្រល័យពូជសាសន៍ ដ៏សាហាវឃោរឃៅយង់ឃ្នង និងព្រៃផ្សៃបំផុតដែលប្រជាជនកម្ពុជាមិនដែលជួបប្រទះ មិនដែលឃើញ និងមិនអាចបំភ្លេចបានឡើយ។ គឺជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជាយើង។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ និងចាត់ទុកថា ជាវិស័យមួយមានសារៈសំខាន់ ចំពោះជាតិក្នុងការអភិវឌ្ឍ និងកិត្យានុភាព ព្រមទាំងកិត្តិយសប្រទេសជាតិ។ ផ្តើមចេញពីជ័យជម្នះជាប្រវត្តិសាស្ត្រ ៧ មករា កម្ពុជាបាន និងកំពុងឈានឆ្ពោះទៅមុខតាមទិសដៅដ៏ត្រឹមត្រូវដែលស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសក៍ឯក បានដឹកនាំប្រទេសជាតិទទួលបាននូវឯកភាពទឹកដី បង្រួបបង្រួមជាតិ មានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរាល់សមិទ្ធផលជាច្រើន លើគ្រប់វិស័យ ជាពិសេសបានធ្វើឱ្យវិស័យកីឡារបស់កម្ពុជា រស់រានឡើងវិញក្នុងសុខសន្តិភាព។

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអំពាវនាវដល់យុវជន យុវនារី បង្វែរចិត្តគំនិតមកលេងកីឡាឱ្យបានគ្រប់ៗគ្នា ហើយត្រូវចៀសវាងឱ្យឆ្ងាយពីការប្រើប្រាស់ គ្រឿងញៀន គ្រឿងស្រវឹង ការលេងល្បែងស៊ីសង ការបង្កបក្សពួក បងធំ បងតូច ក្មេងទំនើង និងការប្រព្រឹត្តភាពអសកម្មនានានៅក្នុងសង្គម ព្រោះកីឡា នាំមកនូវសុខភាព ដើម្បីអភិវឌ្ឍផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ ឱ្យសមស្របទៅ តាមបញ្ញត្តិទាំងឡាយដែលមានក្នុងធម្មជាតិកីឡាករ។ កីឡាករ កីឡាការិនី ទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំហ្វឹកហាត់បច្ចេកទេសបន្ថែមទៀត ដោយឈរលើកត្តាសាមគ្គីភាព បទប្បញ្ញត្តិ បទពិសោធន៍ពេលប្រកួត វិន័យពេលប្រកួត និងសីលធម៌ពេលប្រកួត ហើយត្រូវរក្សាឱ្យបានល្អបំផុតនៅពេលប្រកួត ជៀសវាងកុំឱ្យមានភាពខុសឆ្គងដោយប្រការណាមួយដែលខុសពី បទប្បញ្ញត្តិ និងលក្ខន្តិកៈ ដែលគណៈកម្មការបច្ចេកទេសត្រូវតែគោរពបាននូវបទប្បញ្ញត្តិ បទបញ្ជាផ្ទៃក្នុង និងលក្ខន្តិកៈ ដែលធ្វើឱ្យគណៈកម្មការរៀបចំការប្រកួត កីឡាទទួលស្គាល់ថា គឺជាកីឡាករ កីឡាការិនីគំរូ និងកីឡាករឆ្នើម សម្រាប់ឱ្យយុវជន យុវនារី ជំនាន់ក្រោយៗទៀតសិក្សារៀនសូត្រ និងប្រតិបត្តិតាមគន្លងដ៏ល្អប្រពៃនេះ៕
ដោយ ឆាយ ម៉ុត





