ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញទៅត្រួតពិនិត្យដំណើរការសាងសង់ផ្ទះថ្មីជាជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ -- ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញទៅត្រួតពិនិត្យដំណើរការសាងសង់ផ្ទះថ្មីចំនួន៦៥ខ្នងនៅលើដីសម្បទានសង្គមកិច្ច ស្ថិតក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលក្នុង០១គ្រួសារទទួលបានផ្ទះថ្មី១ខ្នង និងផ្ទៃដីចំនួន១ហិកតាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា អតីតយុទ្ធជននៅខេត្តកំពង់ធំមានចំនួនជិត៤០០០គ្រួសារហើយ ចំពោះអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាត មានដី គ្មានផ្ទះ ឬមានជម្រកស្នាក់នៅមិនសមរម្យនៅតាមមូលដ្ឋាននានាចំនួន២៤៦គ្រួសារ ត្រូវបានសាងសង់ផ្ទះជូនគាត់បានរួចរាល់ហើយ។ ដោយឡែកក្រុមគ្រួសារអតីតយុទ្ធជនដែលគ្មានដីនិងគ្មានផ្ទះ ឬរស់នៅលើដីសាធារណៈចំនួន១៤១គ្រួសារ ត្រូវបានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាសាងសង់ផ្ទះជូនគាត់បានរួចរាល់ផងដែរនឹងបានប្រគល់ដីសម្បទានសង្គមកិច្ចក្នុង១គ្រួសារ១ហិកតាកន្លះកាលពីជាង៣ឆ្នាំកន្លងទៅដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។ បច្ចុប្បន្ននេះអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតគ្មានដីគ្មានផ្ទះចំនួន៦៥គ្រួសារថ្មីទៀត ត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម បាន និងកំពុងដំណើរការសាងសង់ផ្ទះនិងប្រគល់ដីសម្បទានសង្គមកិច្ច១ហិកតា ក្នុង១គ្រួសារជូនគាត់ ដើម្បីរស់នៅកសាងជីវភាពថ្មី។

ឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងអំណរគុណចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ស្ថាប័នជំនាញមានសមត្ថកិច្ច រួមជាមួយគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំបានដោះស្រាយដីសម្បទានសង្គមកិច្ចនិងសហការសម្របសម្រួលក្នុងការសាងសង់ផ្ទះចំនួន៦៥ខ្នងថ្មីទៀតដើម្បីផ្ដល់ជូនដល់បងប្អូនអតីតយុទ្ធជនរបស់យើង ដែលកំពុងមានការខ្វះខាត និងបានថ្លែងនូវការកោតសរសើរចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីបម្រើដល់បងប្អូនអតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំបានយ៉ាងល្អប្រសើរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម បានណែនាំដល់ក្រុមគ្រួសារអតីតយុទ្ធជនដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការបង្កបង្កើនផលដាំដំណាំចិញ្ចឹមសត្វកសាងជីវភាពរស់នៅថ្មីឱ្យបានល្អប្រសើរ ឆ្លើយតបចំពោះការខិតខំយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវដែលសម្ដេចលោកបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើង៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





