ឯកឧត្តម ជា សុមេធី៖ ជ័យជម្នះ៧ មករា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍សង្គ្រោះជាតិខ្មែរឱ្យរស់រានមានជីវិតឡើងវិញ និងទាន់ពេលវេលា
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ -- ទិវាជ័យជម្នះ៧ មករា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិខ្មែរឱ្យរស់រានមានជីវិតឡើងវិញ និងទាន់ពេលវេលា រួចផុតពីទារុណកម្ម និងការកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា និងមនុស្សជាតិ។ នេះជាការលើកឡើងរបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពាមជរ ខេត្តព្រៃវែង ក្នុងពិធីអបអរសាទរទិវាជ័យជម្នះ ៧មករា និងពិធីជួបសំណេះសំណាលជាមួយជ័យលាភី ទូក ង លេខ១ លេខ២ និងលេខ៣ និងសំណេះសំណាលជាមួយសិស្សទទួលបាននិទ្ទេស A និងនិទ្ទេស B នៅស្រុកពាមជរ ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥នេះ។

ឯកឧត្តម ជា សុមេធី បានបន្តថា ថ្ងៃនេះជាថ្ងៃមួយប្រកបដោយក្តីសោមនស្សរីករាយក្រៃលែង ដែលយើងបានជួបជុំគ្នានៅទីនេះ ដើម្បីប្រារព្ធពិធីអបអរសាទររំលឹកខួបលើកទី៤៦ ទិវាជ័យជម្នះ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២៥)។ យើងតែងប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការដ៏ថ្លៃថ្លាបំផុតរបស់វីរៈយុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា អ្នកស្នេហាជាតិទាំងឡាយ និងវីរៈយុទ្ធជននៃកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានបូជាសាច់ស្រស់ ឈាមស្រស់រហូតបាត់បង់ជីវិត ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍រំដោះប្រជាជនកម្ពុជាចេញផុតពីរណ្តៅមរណៈ ហើយថា ពិតណាស់ក្នុងរយៈពេល៤៦ឆ្នាំកន្លងមកនេះ យើងបានធ្វើកិច្ចការជាច្រើន តែអ្វីដែលយើងត្រូវចងចាំ គឺការបោះជំហានដំបូងនៃការចាកចេញពីការកាប់សម្លាប់ និងភ្នក់ភ្លើងសង្គ្រាមដ៏ជូរចត់មិនអាចបំភ្លេចបាន។

ទន្ទឹមនឹងនេះ ឯកឧត្តមបានសម្តែងនូវកត្តញ្ញូតាធម៌ និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគុណូបក្ការៈដ៏ឧត្តុង្គឧត្តមរបស់ឥស្សរជនស្នេហាជាតិ ដែលជាស្ថាបនិកនៃ “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា” ជាពិសេសសម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជនស្នេហាជាតិជាច្រើនទៀត ដែលបានធ្វើពលីកម្មដ៏ធំធេង និងយ៉ាងអង់អាចក្លាហានក្នុងបុព្វហេតុជាតិមាតុភូមិនៅគ្រប់សម័យកាល ដើម្បីសុខសន្តិភាព ស្ថិរភាព និងភាពរីកចម្រើនរបស់ប្រទេសជាតិ និងប្រជាជនកម្ពុជា និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីបម្រើយ៉ាងស្មោះស្ម័គ្រក្នុងបុព្វហេតុជាតិ ដោយបាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ឯកភាពជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាព បូរណភាពទឹកដី លើកកម្ពស់កិត្យានុភាពជាតិ និងតែងយកចិត្តទុកដាក់គិតគូរជាប់ជាប្រចាំដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសការដាក់ចេញនូវគោលនយោបាយ “ឈ្នះ-ឈ្នះ” ដែលធ្វើឱ្យប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូលទទួលបាននូវសុខសន្តិភាពពេញលេញ ដែលគុណូបក្ការៈនេះអ្នកជំនាន់ក្រោយនឹងចងចាំជានិច្ច និងបន្តការពារសុខសន្តិភាពនេះឱ្យបានគង់វង្សតទៅ ដើម្បីធានាដល់ការអភិវឌ្ឍប្រទេសឱ្យកាន់តែជឿនលឿនឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់៕

ដោយ៖ ចាន់ សុភឿន





